(ភ្នំពេញ)៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម កើត ឆែ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦០ ក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាអាណត្តិទី៣ ដែលមានអាណត្តិ៥ឆ្នាំ។
ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កើត ឆែ បានលើកឡើងថា រាល់ការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឲ្យទទួលបាន លទ្ធផលកាន់តែល្អប្រសើថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបំរើឲ្យការអភិវឌ្ឃន៍រាជធានីភ្នំពេញ។ ការងារចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ខណ្ឌ នាពេលខាងមុខ។
ឯកឧត្តម ម៉ប់ សារិន បានលើកឡើងថា ក្រុមប្រឹក្សារាជធានីភ្នំពេញ បង្កើតឡើងដោយការបោះឆ្នោត ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ។ ជាតំណាងសាធារណៈ ជាអ្នកការពារ និងជាអ្នកបំរើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តមបន្តថា ឆ្លងកាត់ការប្រឈមជាច្រើន ក្នុងការអនុវត្តនូវតួនាទីភារកិច្ចក្នុងអាណត្តិទី៣ ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏ដូចជាគណៈអភិបាលរាជធានីភ្នំពេញ ទទួលបាននូវបទពិសោធន៍ជាច្រើន ដែលធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ខិតខំពុះពារបន្ថែមទៀត ក្នុងការធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល ដោយបន្តអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ចីរភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា។
ឯកឧត្តមបន្តថា ទោះបីក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ អនុវត្តបាននូវសមិទ្ធិផលជាច្រើនគួរអោយគត់សំគាល់ក៏ដោយ ក៏ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមានចំណុចសេសសល់មួយចំនួន ដូចជាការអភិវឌ្ឍន៍សមត្ថភាពសមាជិក សមាជិកាក្រុម ប្រឹក្សារាជធានីភ្នំពេញ ពាក់ពន្ធ័នឹងលិខិតបទដ្ឋានគតិយុត្តិនានាពីថ្នាក់ជាតិ ដោយសហការជាមួយក្រុមប្រឹក្សាជាតិរាជធានី ខេត្ត ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងការផ្តល់ឱកាសឱ្យមានការចូលរួម ពីប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា។
នាឱកាសនេះ តាងនាមឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធានក្រុមប្រឹក្សា សមាជិក-សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-ជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារជំនាញ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ហើយបានចងក្រងរៀបចំជារបាយការណ៍បានយ៉ាងល្អ រហូតដល់ទទួលបានការឯកភាព អនុម័តនាថ្ងៃនេះ។
ឯកឧត្តមបន្តថា «ខ្ញុំក៏បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលការងារកន្លងមក និងការងារអាទិភាពចំពោះមុខមួយចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសគឺការរៀបចំ និងត្រៀមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ផែនការការពារសន្តិសុខបម្រើឲ្យ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ»៕