ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រុមការងារចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ បន្តពង្រឹងនិងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុង បន្តការអភិវឌ្ឍក្នុងមូលដ្ឋាន


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ បានណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ បន្តពង្រឹងនិងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុងរចនាសម្ពន្ធ ក្តាប់ឲ្យបាននិងដោះស្រាយរាល់សំណើសំណូមរបស់ប្រជាពលរដ្ឋ ជាពិសេសបន្តការអភិវឌ្ឍក្នុងមូលដ្ឋាន។

ឯកឧត្តមណែនាំបែបនេះក្នុងពិធីប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ នៅស្នាក់ការគណបក្សប្រជាជនស្រុកមេមត់ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រគល់សេចក្តីសម្រេចតែងតាំងប្រធាន អនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំទាំង១៤ ក្នុងស្រុកមេមត់ ព្រមទាំងសាទរចំពោះក្រុមការងារទាំងអស់៤៥៧នាក់ផងដែរ។

ឯកឧត្តមបានផ្តាំផ្ញើសមាជិកសមាជិកាទាំងអស់ទាំង១៤ឃុំ បន្តផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសត្រូវស្រុះស្រួលឯកភាព ប្រកបដោយឆន្ទៈមុតស្រួច បន្តពង្រឹងកិច្ចការងាររចនាសម្ពន្ធ ត្រូវមានរបបជីវភាពប្រជុំប្រចាំខែ ដើម្បីដឹងសកម្មភាពអ្វីខ្លះ បានដឹងសំណូមពរពលរដ្ឋដើម្បីដោះស្រាយ។

ឯកឧត្តមបានបន្ថែមថា ចំពោះបញ្ហាដោះបានដោះ តែដោះមិនបាន សូមផ្តល់ព័ត៌មានមកក្រុមការងារថ្នាក់ខេត្ត គឺនៅចាំជួយគាំទ្រ ព្រមទាំងក្រើនរំលឹកត្រូវតែរក្សាខ្សែក្រវាត់ឲ្យបាន បន្តយកឲ្យសំឡេងគាំទ្រមិនឲ្យមានការថមថយនោះទេ។

ឯកឧត្តមបានគូសបញ្ជាក់ថា ចំពោះអ្នកដែលមិនគាំទ្របក្សប្រជាជនមួយចំនួនតូចនោះ កុំប្រងើយកន្តើយ កុំបោះបង់ ត្រូវបន្តចុះសួរសុខទុក្ខឲ្យដូចសមាជិក ដើម្បីទាញយកសមានចិត្តពួកគាត់ឲ្យងាកមកគាំទ្រ ព្រោះជាពលរដ្ឋកម្ពុជាសុទ្ធសឹងមានឈាមជ័រខ្មែរដូចគ្នា ដែលត្រូវរួមរួមគ្នាបង្ហាញឲ្យយល់ច្បាស់ពីគោលនយោបាយយ៉ាងល្អប្រពៃរបស់គណបក្សប្រជាជនកម្ពុជា៕