ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះត្រួតពិនិត្យការសាងសង់ប្រព័ន្ធធារាសាស្រ្ត តាហ៊ែល ខេត្តព្រៃវែង


នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៧ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឺក និងឧតុនិយម និងជាសហប្រធានកម្មវិធីខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មកម្ពុជាជំហានទី ២ បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់ប្រព័ន្ធធារាសាស្រ្ត តាហ៊ែល ស្ថិតនៅភូមិតាហ៊ែល ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលទទួលថវិកាជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី ។ ទំហំការងារមាន សាង់សង់ស្ថានីយបូមទឹក ១ កន្លែង សាងសង់អគារសហគមន៍ ១ ខ្នង សាងសង់ប្រឡាយមេបេតុង ៣ ខ្សែ មានប្រវែងសរុប ៥.០៩៩ ម និងសាងសង់ប្រឡាយរងបេតុង ១៥ ខ្សែ មានប្រវែងសរុប ៩.២៥០ ម ។ ក្រោយពេលសាងសង់រួច ប្រព័ន្ធធារាសាស្រ្ត តាហ៊ែល ដែលទទួលប្រភពទឹកពីទន្លេតូចស្ទឹងស្លូត មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ៧០០ ហិកតា ។ មកដល់ពេលបច្ចុប្បន្ន ការងារសាងសង់សម្រេចបាន ៨០% ហើយគ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០១៧ និងដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ ២០១៧ ។
បន្ទាប់មកឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តដំណើរទៅត្រួតពិនិត្យប្រព័ន្ធធារាសាស្រ្តអន្លុងរាជ និងជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកអន្លុងរាជ ស្ថិតនៅក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលសាងសង់រួចចាប់តាំងពីឆ្នាំ ២០១៦ ដោយថវិកាជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី ។ ប្រព័ន្ធធារាសាស្រ្តអន្លុងរាជ មានប្រឡាយមេបេតុងប្រវែង ៣.១០០ ម ប្រឡាយរងបេតុង ១៩ ខ្សែ មានប្រវែង ១៩.០០០ ម និងអាចស្រោចស្រពលើផ្ទៃដី ៣២០ ហិកតា ។