(ព្រះវិហារ)៖ ឯកឧត្តម មាស សុភា ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌុលព្រះវិហារ បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ពីសារៈសំខាន់របស់គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងជាក់លាក់មួយដែលរាជរដ្ឋាភិបាលតាំងចិត្តយ៉ាងមុតមាំ និងធ្វើឱ្យបាន ព្រោះគម្រោងប្រវត្តិសាស្រ្តមួយនេះ នឹងជួយបង្កើនសេដ្ឋកិច្ចជាតិយ៉ាងច្រើន មិនដូចពាក្យញុះញុងរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះឡើយ។
ការថ្លែងរបស់ឯកឧត្តម មាស សុភា ក្នុងឱកាសដែលលោកអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព១ខ្នង ស្ថិតនៅក្នុងបរិវេណមណ្ឌុលសុខភាពរណសិរ្យ ក្នុងឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាអំណោយរបស់លោក និងក្រុមគ្រួសារ ដោយមានការចូលរួមពីក្រុមការងារនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម មាស សុភា បានថ្លែងបញ្ជាក់ថា «ព្រែកជីកហ្វូណន-តេជោ បានផ្តល់ផលចំណេញដល់ជាតិរបស់យើង លើការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងពីទន្លេមេគង្គទៅកាន់សមុទ្រ មិនដូចពាក្យញុះញុងរបស់ក្រុមប្រឆាំងថាជាឧបាយកល របស់រៀតណាម ជាឧបាយក់របស់ចិន ចង់លេបយកទឹកដីកម្ពុជានោះទេ។ សម័យនេះហើយចង់លេបយកទឹកដីមិចកើត ព្រោះបច្ចុប្បន្ននេះយើងមានច្បាប់ទម្លាប់ មានអន្តរជាតិ ហើយគម្រោងព្រែកជីកហ្វូណន-តេជោ នេះ គឺគ្រប់ស្ថាប័ន ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីមានការគាំទ្រយ៉ាងខ្លាំងក្លាបំផុត»។
តំណាងរាស្ត្រមណ្ឌុលព្រះវិហារ ឯកឧត្តម មាស សុភា បានគូសរំលេចថា មូលហេតុដែលលោកផ្តើមចាប់អារម្មណ៍សាងសង់អគារសម្ភពនៅឃុំរណសិរ្យ គឺមានរឿងទាក់ទងនឹងការឈឺចាប់របស់ភរិយាឯកឧត្តម កាលពីសម័យប៉ុលពត ត្រូវបានជម្លៀសមកនៅទីនេះ ហើយឯកឧត្តមបានតាំងចិត្តថា បើបានទៅនៅភ្នំពេញ គឺមិនភ្លេចប្រជាពលរដ្ឋនៅឃុំរណសិរ្យនេះដែរ ទើបលោកសម្រេចសាងសង់អគារសម្ភពនៅទីនេះទុកជាចំណងដៃ និងទុកជាអនុស្សាវរីយ៍ បន្ទាប់ពីអគារសម្ភពនៅស្រុករវៀង និងនៅស្រុកឆែប។
ឯកឧត្តម មាស សុភា បានថ្លែងថា «តម្លៃដែលមិនអាចកាត់ថ្លៃបានរបស់មនុស្សយើងម្នាក់ៗគឺសុខភាព បើយើងគ្មានសុខភាពទេ យើងនឹងគ្មានអ្វីៗទាំងអស់ ដូច្នេះសូមចូលរួមថែរក្សាសុខភាពរបស់យើងឱ្យបានល្អ»។ ឯកឧត្តមបន្តថា អគារសម្ភពនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទីនេះច្រើនណាស់ ពិសេសបានកាត់បន្ថយការធ្វើដំណើររបស់បងប្អូនស្ត្រីយើង ទៅប្រសូត្របុត្រនៅទីកន្លែងឆ្ងាយ ក៏ដូចជាកាត់បន្ថយបានអត្រាគ្រោះថ្នាក់ដោយការប្រសូត្របុត្រនេះផងដែរ។
សូមបញ្ជាក់ថា អគារសម្ភព១ខ្នងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះមានទំហ៊ំ៥ម៉ែត្រx១៣.៥០ម៉ែត្រ កម្ពស់៥.៥០ម៉ែត្រ ធ្វើអំពីបេតុងប្រក់ក្បឿង ក្រាលការ៉ូឡា ចាប់ផ្តើមសាងសង់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ និងសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកាចំនួន ៨០.០០០.០០០រៀល ជាថវិការបស់ឯកឧត្តម មាស សុភា និងលោកជំទាវ និងចំណាយលើសម្ភារបរិក្ខា គ្រែសម្រាល១ឈុត បំពាក់ម៉ាស៊ីនត្រជាក់១ កង្ហារ វាំងនន ចំណាយលើពិធីសម្ពោធ សរុបថវិកា១៨.២២៩.៧៧០ ឧបត្ថម្ភដោយលោក សំ លាងទ្រី និងគ្រែពេទ្យចំនួន៤ ឧបត្ថម្ភដោយមន្ទីរសុខាភិបាលខេត្តព្រះវិហារ៕