សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ធ្វើដំណើរដល់កូរ៉េខាងត្បូងប្រកបដោយសុវត្ថិភាព


(កូរ៉េខាងត្បូង)៖ បន្ទាប់ពីធ្វើដំណើរជាង៥ម៉ោង នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដល់ប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។

ដំណើរអញ្ជើញដល់ប្រទេសកូរ៉េខាងត្បូង សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញចេញទៅប្រទេសកូរ៉េខាងត្បូងនាម៉ោង៨ព្រឹកមិញនេះ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។

អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា សោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗ នៃ រាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

ប្រភពបន្តថា ក្នុងទស្សនកិច្ចជាលើកដំបូងលើទឹកដីកូរ៉េខាងត្បូងក្នុងឋានៈជានាយករដ្ឋមន្ត្រី កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមប្រធានាធិបតី យូន សកយ៉ល។ ក្នុងជំនួបនេះ នឹងពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហ ប្រតិ បត្តិ ការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ ចំនួន ពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីកូរ៉េ ខាង ត្បូង ឯកឧត្តម ហាន់ ដុកស៊ូ (Han Duck-soo) និងប្រធានរដ្ឋសភា ឯកឧត្តម គីម ជីនណូ (Kim Jin-pyo)។

សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយ ក្រុម ហ៊ុនកូរ៉េសំខាន់ៗមួយចំនួន។ ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ក៏នឹងជួប សំណេះ សំណាលជាមួយសហគមន៍ខ្មែរ កំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េខាងត្បូងផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៩៧។ ចំណងការទូតនេះ ត្រូវបានបង្កើតឡើងវិញ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ឬអាចហៅបានថា សម្តេចតេជោ ជាឆ្មបបង្កើតនូវទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង។

បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបាន ពង្រឹង ពង្រីក និងលើកកម្ពស់ឱ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។

­ដើម្បីពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង សមេ្ដចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំនួន៨លើក។ ក្នុងនោះទស្សនកិច្ចផ្លូវការចំនួន៥លើក ធ្វើឡើងឆ្នាំ១៩៩៦, ២០០១, ២០០៦, ២០០៩ និង ២០១៤។ ទស្សនកិច្ចក្រៅផ្លូវការចំនួន ៣លើក ធ្វើឡើងនៅឆ្នាំ២០០៨, ២០២០ និង២០២២។

កូរ៉េខាងត្បូង បានក្លាយជាប្រទេសមួយ ដែលបានចូលរួម ចំណែក យ៉ាងច្រើនលើកិច្ចអភិវឌ្ឍន៍នៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់ផ្លូវ លើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់វិស័យសុខាភិបាល និងការអភិវឌ្ឍជនបទជាដើម។

តាមរយៈទំនាក់ទំនងល្អប្រសើរ កម្ពុជា និងកូរ៉េខាងត្បូង ក៏បានពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាក្នុងកំណើនគួរឱ្យកត់សម្គាល់។

ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១លានដុល្លារ។ រយៈពេល៣ខែឆ្នាំ២០២៤ សម្រេចបានជិត ២០០លានដុល្លារអាមេរិក។

ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េក្នុងឆ្នាំ២០២៣ រួមមាន ម៉ាស៊ីន និងឧបករណ៍ អគ្គិ សនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ អាលុយមីញ៉ូម ម៉ាស៊ីន និងបរិធាន មេកា និក វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លា ស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ជាដើម។
­
ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីកូរ៉េ ក្នុងឆ្នាំ២០២៣ រួមមាន យានជំនិះ ម៉ាស៊ីន ឧប ករណ៍ អគ្គិសនី ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ (ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត កៅស៊ូ ម៉ាស៊ីន និងបរិធាន មេកានិកជាដើម។

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយគ្នា។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាង ប្រទេសទាំងពីរមានទំហំកាន់តែធំឡើង។

ដោយឡែកការវិនិយោគវិញ ­ចាប់ពីឆ្នាំ១៩៩៤ ដល់ដើឆ្នាំ២០២៤នេះ ទុនវិនិយោគមកពី កូរ៉េខាងត្បូង មានទំហំជាង ៥ពាន់លានដុល្លារអាមេរិក។

ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត៕