ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អនុញ្ញាតិឱ្យលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជាជប៉ុន ចូលជួបសម្តែងការគួរសម


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតិឱ្យលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជាជប៉ុនហៅកាត់ថា (JCIA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។

នៅក្នុងជំនួបទ្វេភាគីនេះលោក Fumio Yamada បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹករបស់ឯកឧត្តម ដើម្បីឱ្យលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានលើកឡើង ពីការបណ្តុះបណ្តាលកម្មសិក្សាការីកម្ពុជា ដែលមកទល់ពេលនេះ មានចំននួន០២នាក់ បច្ចុប្បន្នពួកគេបានកំពុងរស់នៅប្រទេសជប៉ុនបានរយៈពេល២ខែហើយ ។ លោកYamada លើកឡើងថា ដោយមើលឃើញពីសមត្ថភាព ការយកចិត្តទុកដាក់ សុជីវធម៌ ភាពស្មោះត្រង់ និងក្រមសីលធម៌ខ្ពស់ របស់កម្មសិក្សាការីកម្ពុជា លោកមានគម្រោងបន្តបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីពី៥ទៅ១០នាក់បន្ថែមទៀតដើម្បីបំពេញតាមតម្រូវការចាំបាច់។ជាមួយគ្នានេះលោកក៏គ្រោងបញ្ជូនអ្នកបច្ចេកទេសជប៉ុន មកបណ្តុះបណ្តាលបច្ចេកទេសថែទាំងមនុស្សចាស់នៅកម្ពុជា មុនពេលដែលកម្មសិក្សាការីកម្ពុជាចេញទៅបម្រើការងារនៅប្រទេសជប៉ុន។ ជាងនេះទៅទៀត លោកក៏មានគម្រោងធ្វើការងារមនុស្សធម៏ផងដែរ ដោយលោកបញ្ជាក់ថាក្នុងពេលខាងមុខនេះ លោកនឹងនាំមកនូវសម្ភារៈមានដូចជាសម្លៀកបំពាក់ដែលប្រជាជនជប៉ុនប្រើប្រាស់រួច ដើម្បីចែកដល់ជនក្រីក្រ និងផលិតផលថ្មីមួយចំនួនទៀតដែលលោកនឹងយកមកលក់ក្នុងតម្លៃទាបជូនដល់ប្រជាជនកម្ពុជា។

ឆ្លៀតក្នុ្ងងឱកាសនេះ លោកក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីនូវផលិតផលនំសណ្តែកជប៉ុន ដែលផលិតផ្ទាល់នៅកម្ពុជានៅ អង្គការ JCIA ដែលប្រើប្រាស់វត្ថុធាតុដើមខ្មែរ ហើយក្នុង១ប្រអប់មានតម្លៃ ៥$។

ថ្លែងទៅលោក Fumio Yamada ប្រធានអង្គការ JCIA ឯកឧត្តមបណ្ឌិតបានសម្តែងនូវការអរគុណចំពោះភាគីជប៉ុនដែលបានខិតខំបំពេញការងាររបស់ខ្លួន ព្រមទាំងការបណ្តុះបណ្តាលកម្មសិក្សាការីកម្ពុជាលើជំនាញ ថែទាំមនុស្សចាស់ ដែលឯកឧត្តមយល់ឃើញថា ជំនាញនេះកំពុងមានតម្រូវការ ជាចាំបាច់នៅប្រទេសជប៉ុន ជាពិសេស ការបណ្តុះបណ្តាលនេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងទៅ ស្តីពីការថែទាំមនុស្សចាស់។ ឯកឧត្តមស្នើឱ្យលោកបន្តបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ និងផ្តល់ជាសំភារៈបច្ចេកទេសដល់ភាគីកម្ពុជា ដើម្បីគាំទ្រដល់គម្រោងនៃការបណ្តុះបណ្តាលនេះ ហើយឯកឧត្តមសង្ឃឹមជឿជាក់ថា នឹងមានការ បណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីជាផ្លូវការទៅបម្រើការនៅប្រទេសជប៉ុនកាន់តែច្រើនឡើងបន្ថែមទៀត។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះស្នាដៃផលិតនំរបស់អង្គការJCIA ដែលផលិតដោយប្រើប្រាស់វត្ថុធាតុដើមនៅកម្ពុជា ហើយឯកឧត្តមជូនពរឱ្យអង្គការសមាគមសហប្រតិបត្តិការកម្ពុជាជប៉ុន ទទួលបានជោគជ័យក្នុងការលក់ផលិតផលថ្មីនេះ។