ក្រសួងការពារជាតិកម្ពុជា រៀបចំខួបលើកទី៧៦ ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដើម្បីគោរពវិញ្ញាណក្ខន្ធយុទ្ធជន ដែលពលីជីវិតក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព


(កំពង់ស្ពឺ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំខួបលើកទី៧៦ ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្រោមប្រធានបទ «ការកសាងរួមគ្នាកាន់តែប្រសើរសម្រាប់អនាគត» និងការគោរពវិញ្ញាណក្ខ័ន្ធកងកម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិតក្នុងបុព្វហេតុបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN)។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ចូសិប ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួល អ.ស.ប. ប្រចាំកម្ពុជា, ឯកអគ្គរាជទូត/រដ្ឋទូត អនុព័ន្ធយោធាប្រទេសជាមិត្ត។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) ខេត្តកំពង់ស្ពឺ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា ពិធីគោរពវិញ្ញាណកងកម្លាំងរក្សាសន្តិភាពពិភពលោកនេះ បានធ្វើឡើងស្របពេលដែលបណ្តាប្រទេសបរិច្ចាគកងកម្លាំងចូលរួមថែរក្សាសន្តិភាពលើពិភពលោក បាននាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ២៩ ឧសភា លើកទី៧៦ ដើម្បីរំឭកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយក៏ជាថ្ងៃប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ វិរៈយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុចូលរួមស្វែងរកសន្តិភាព នៅតាមប្រទេសមានជម្លោះសង្គ្រាមតាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមថា ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ថ្ងៃទី២៩ ឧសភា គឺជាព្រឹត្តិការណ៍ដើម្បីគោរពវិញ្ញាណក្ខន្ធយុទ្ធជន និងយុទ្ធនារីទាំងឡាយ ដែលបានពលីជីវិតក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅលើពិភពលោក ជាយុទ្ធជន និងយុទ្ធនារីមកពីប្រទេសនានា ជិត ឬឆ្ងាយ ដើម្បីជួយរក្សានិងស្ដារសន្តិភាពជូនប្រជាជននៃប្រទេសទីទៃ ទិវានេះ ក៏ជាមោទនភាពបំផុតចំពោះបណ្តាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីភាពកតញ្ញូ ការរំឭកដឹងគុណបំណាច់កងរក្សាសន្តិភាពដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព និងសន្តិសុខនៅលើពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្ថែមថា ការពលីកម្មរបស់កងកម្លាំងរក្សាសន្តិភាពនៅគ្រប់ដំណាក់កាលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រាលទុកលំបាកជួយប្រទេសផ្សេងៗ ដែលកំពុងប្រឈមរងគ្រោះដោយវិបត្តិសង្គ្រាមរ៉ាំរ៉ៃ រងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រោះធម្មជាតិផ្សេងៗឱ្យមានជីវភាពរស់នៅបានប្រសើរឡើង។

បើតាមអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណ ២លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆត្រ UN ក្នុងនោះមានយុទ្ធជន យុទ្ធនារី ថែរក្សាសន្តិភាពប្រមាណ ៤២០០នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនោះមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១១នាក់ផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ជាខួបលើកទី៣២ ដែល UN បានបង្កើតបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) ដើម្បីចូលរួមចំណែកជួយស្តារឡើងវិញនូវសុខសន្តិភាពជូនប្រទេសកម្ពុជាពីសង្គ្រាមហែកហួរក្នុងស្រុក និងការរៀបចំការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា។

ក្នុងប្រតិបត្តិការបេសកកម្មរក្សាសន្តិភាពរបស់អ៊ុនតាក់ នៅកម្ពុជា, ឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា បានបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៩៩២-ឆ្នាំ១៩៩៣ មានកម្លាំងអ៊ុនតាក់ ប្រមាណជាង ១៥,០០០នាក់ កម្លាំងនគរបាលស៊ីវិល ៣០០០នាក់ បុគ្គលិកស៊ីវិល៩០០នាក់ មកពីបណ្តាប្រទេស៤៥ បានមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហើយមានកម្លាំង UNTAC ៨២នាក់ មកពីប្រទេសចំនួន ២៧ប្រទេស បានរងការពលីជីវិត។

ដោយឡែកសម្រាប់កម្ពុជាវិញ ក្នុងរយៈពេល១៨ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព UN ចំនួនជិត១០០០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន ១១ប្រទេស ខណៈក្នុងឆ្នាំ២០២៤ កម្ពុជាមានកម្លាំងមួកខៀវចំនួនជិត ៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី៕