ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ជួបប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន


នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួមក្នុងកិច្ចសន្ទនា Shangri-La លើកទី២១ នៅប្រទេសសិង្ហបុរី។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការអបអរសាទរចំពោះឯកឧត្តម ទុង ជុន ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន តែងតាំង ជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានសម្ដែងការអបអរសាទរចំពោះសន្ទរកថា របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិចិន ថ្លែងក្នុងវេទិកាកិច្ចប្រជុំកំពូល សន្តិសុខអាស៊ីលើកទី២១ ដែលក្នុងសន្ទរកថានោះ បានបង្ហាញពីភាពរឹងមាំ របស់ប្រទេសចិន នៅលើឆាកអន្តរជាតិ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើន ក្នុងនោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ក្រោមការដឹកនាំ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា ចិន មានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។

ក្នុងនាមជាអ្នកបន្តវេន ឯកឧត្តម ទៀ សីហា បានសន្យាថា នឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះ ឲ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តម ទៀ សីហា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា ចិន លើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច គ្នាទៅវិញទៅមក ពិសេសក្នុងពេលកន្លងមក ក្រសួងការពារជាតិចិន បានឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលធ្វើឲ្យកម្ពុជា មានលទ្ធភាពស្ដារសេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ទៀតថា សមយុទ្ធ នាគមាសលើកទី៦ រវាងកងទ័ព កម្ពុជា ចិន បានបញ្ចប់ដោយជោគជ័យ ដែលតាមរយៈធ្វើការធ្វើសមយុទ្ធនេះ បានធ្វើឲ្យ ខភម មានជំនាញច្បាស់លាស់ និងមានមូលដ្ឋានសំខាន់ ក្នុងការពង្រឹងសមត្ថភាព វិស័យការពារជាតិរបស់ប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានអញ្ជើញឯកឧត្តម ទុង ជុន មកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាផងដែរ។

មានមតិឆ្លើយតបវិញ ឯកឧត្តម ទុង ជុន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរ។

ឯកឧត្តមចាត់ទុកឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាអ្នកដឹកនាំបន្តវេន នៃកងទ័ពយើងទាំងពីរ កម្ពុជា ចិន ដើម្បីបន្តដឹកនាំ រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។

ទាក់ទងទៅនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក៏បានស្នើសុំឲ្យមានការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់គ្នា ទៅវិញទៅមក ដើម្បីបន្តរក្សាប្រពៃណីមិត្តភាព រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន។

ទាក់ទងទៅនឹងការធ្វើសមយុទ្ធនាគមាស ដែលបានបញ្ចប់ដោយជោគជ័យ កន្លងទៅនេះ ឯកឧត្តម ទុង ជុន បានបញ្ជាក់ថា យើងអាចសិក្សាជ្រាវ ពង្រីកការធ្វើសមយុទ្ធ ដើម្បីបង្កើនសម្ថភាពកងទ័ព និងរៀបចំបណ្តុះបណ្តាលធនធានមនុស្ស និង នាយទាហានវ័យក្មេង ដើម្បពង្រឹងខឿនការពារជាតិកម្ពុជា។

ជាចុងក្រោយឯកឧត្តម ទុង ជុន បានអញ្ជើញលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៅទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ សៀងសាន នៅប្រទេសចិន នៅក្នុងឆ្នាំ២០២៤នេះផងដែរ៕