(ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ជំហរនយោបាយការបរទេសកម្ពុជា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា មិនខុសពីអាណត្តិមុនក្រោមការដឹកនារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនោះឡើយ គឺរក្សាសង្គតភាព ជំរុញបន្ថែមទៀតរាល់សកម្មភាពនូវរាល់ការងារអាទិភាព រក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មី។
ជាមួយគ្នានេះដែរ ឯកឧត្តម គង់ ភោគ បានថ្លែងថា នយោបាយការបរទេសកម្ពុជា បន្តជំរុញតួនាទីរបស់កម្ពុជានៅក្នុងអង្គការតំបន់ ពិសេសអាស៊ាន ដើម្បីធានាបានថា កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្មដើម្បីជំរុញប្រយោជន៍ស្នូលរបស់ជាតិ។ កម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងនយោបាយការបរទេសលើឆាកអន្តរជាតិ។
ការលើកឡើងបែបនេះរបស់ ឯកឧត្តម គង់ ភោគ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងវេទិកាពិភាក្សាលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» នៅទីស្តីការក្រសួងការបរទេស។ វេទិកានេះរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្លិបអ្នកកាសែតកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មាន មកពីស្ថាប័នមួយចំនួនទៀត។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ជំហរគោលនយោបាយការបរទេសរបស់កម្ពុជា គឺរក្សាសង្គតិភាព និងនិរន្តរភាពនៃនយោបាយការបរទេសរបស់យើង ពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី។ ដូច្នេះ អ្វីដែលអាណត្តិថ្មីនេះ ត្រូវធ្វើ គឺជំរុញបន្ថែមទៀតរាល់ការងារអាទិភាពទាំងអស់នោះ»។
ឯកឧត្តម គង់ ភោគ បានថ្លែងថា ការងារអាទិភាពមួយចំនួន ដែលជាការងារសំខាន់សម្រាប់កិច្ចការបរទេសរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ដូចជាទៅអាណត្តិក្រោយៗទៀតនោះ គឺបន្តពង្រឹងទំនាក់ទំនងជាមួយដៃគូនានានៅជុំវិញពិភពលោក បន្តជំរុញការដំឡើងកម្រិតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជាជាមួយដៃគូ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីបម្រើដល់ប្រយោជន៍ស្នូលរបស់កម្ពុជា ឱ្យស្របតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺរក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មី។
ឯកឧត្តម គង់ ភោគ បានបញ្ជាក់ថា ការងារអាទិភាពមួយចំនួនដែលផ្តោតសំខាន់សម្រាប់ការងារនយោបាយការបរទេស និងសម្រាប់អាណត្តិរាជរដ្ឋាភិបាលបន្តបន្ទាប់ទៀត ដែលជាការងារត្រូវអនុវត្តជាទៀងទាត់ដោយផ្អែកលើស្ថានភាពជាក់ស្តែងក្នុងតំបន់ ពិភពលោកជារួមមាន៖ ការបន្តជំរុញពង្រឹងទំនាក់ទំនងជាមួយដៃគូនានា លើពិភពលោក។ មានការដំឡើងកម្រិតដៃគូ មួយចំនួនទៅជាប្រទេសជប៉ុន ថៃ ហើយថ្មីៗនេះកម្ពុជា បានដំឡើងប្រទេសកូរ៉េខាងត្បូង ជាដៃគូយុទ្ធសាស្ត្រ។
«រាជរដ្ឋាភិបាលបានដំឡើងកម្រិតភាពជាដៃគូកាន់តែស៊ីជម្រៅក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ដើម្បីបម្រើដល់ប្រយោជន៍ស្នូលរបស់កម្ពុជាដូច ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងហើយ គឺរក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មីរបស់យើង»។ នេះជាការលើកឡើងបន្ថែមរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស។
ឯកឧត្តម គង់ ភោគ បានបន្តទៀតថា រាជរដ្ឋាភិបាលបន្តលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាមិត្តភូមិផងរបងជាមួយដើម្បីរក្សាសន្តិសុខ ស្ថិរភាពតាមបន្ទាត់ព្រំដែន និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ រស់នៅតាមបណ្តោយព្រំដែន៕