សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត បានជួយស្រោចស្រោបតំបន់លិចទឹកជាង៣០ហិកតា ដែលមានការប៉ះពាល់ ទាំងស្រែចំការ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងតំបន់រោងចក្រ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កុំឲ្យជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ទឹងព្រែកត្នោតនេះ គឺមានសារសំខាន់ មិនត្រឹមតែរំដោះទឹក ពីរាជធានីភ្នំពេញនោះទេ, បើតាមជំនាញរាយការណ៍ ផលដែលទទួលបាន គឺស្រោចស្រោបតំបន់ដែលលិចទឹក ជាង៣០ម៉ឺនហិកតា ទាំងមានប៉ះពាល់ស្រែចំការ ប៉ះពាល់ផ្ទះលំនៅដ្ឋាន ហើយប៉ះពាល់តំបន់រោងចក្រ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា កន្លែងនេះ បើមិនរៀបចំប្រឡាយ និងស្ថានីយ៍បូកទឹករំដោះទឹកនោះទេ គឺមានការលិចលង់ច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រព័ន្ធធារាសាស្ដ្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោតនេះ នឹងធ្វើឲ្យមានទឹកខួបប្រាំងខួបវស្សា សម្រាប់ប្រជាពលរដ្ឋ រាប់ម៉ឺនហិកតាបន្ថែមទៀត ព្រោះថា មាន៥០ហិកតា ដែលអាចទទួលបានផល។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងផងដែរថា កាលពីមុនប្រឡាយខ្លះគោក និងប្រឡាយខ្លះតូច អត់មានភ្ជាប់ពីព្រែកត្នោតមកច្រើន ប៉ុន្ដែឥលូវនេះ យើងភ្ជាប់ពីស្ថានីយ៍បូកទឹក ដូច្នេះអាចទទួលបានទឹក សម្រាប់ប្រើប្រាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្ទឹងព្រែកត្នោតនេះ គឺធានាបានផលច្រើន ហើយថែមទាំង ជាកន្លែងបង្កើតភ្ជាប់និស្ស័យច្រើនទៀត ព្រោះនៅតាមស្ទឹងតូច និងកន្លែងគោកប្រឡាយខ្លះ គ្រោងនឹងរៀបចំកន្លែងទេសចរណ៍ ហើយកន្លែងទេសចរណ៍ភាគច្រើន ភ្ជាប់និស្ស័យជាមួយក្មេងៗ។
បើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កុំឲ្យជន់លិចភ្នំពេញ មានប្រវែងសរុប ២៦០គីឡូម៉ែត្រ ប្រើថវិកា៤០០លានដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសទឹកដីខណ្ឌដង្ហោ និងតំបន់ខ្លះទៀត ក្នុងខេត្តកណ្តាល កំពង់ស្ពឺ ជាប់នឹងស្ទឹងព្រែកត្នោត តែងរងការជន់លិចយ៉ាងធ្ងន់ធ្ងរ។
ការជន់លិចដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ ជួរភ្នំក្រវាញ និងដោយសារផ្ទៃរងទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កាន់តែរួមតូច ដោយសារកំណើន នៃសំណង់លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មផ្សេងៗ។
ដើម្បីដោះស្រាយការជន់លិច ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ និងសកម្មភាព សេដ្ឋ កិច្ចផ្សេងៗ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញកញ្ចប់ថវិកា ប្រមាណ៤០០លានដុល្លារអាមេរិក កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងការជន់លិចនេះ៕