កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីក្រុមការងារ លោកអភិបាលស្រុក លោកមេឃុំ និងប្រជាពលរដ្ឋប្រមាណ ២៥០នាក់។
បន្ទាប់ពីលោកមេឃុំបានឡើងមានមតិស្វាគមន៍ និងរាយការណ៍ពីស្ថានភាពទូទៅ និងសភាពការណ៍កើតឡើង នៅភូមិចតុលោក ឃុំបារាយណ៍រួចមក ឯកឧត្តម ថោង ខុន បានជម្រាបជូនប្រជាពលរដ្ឋអំពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកន្លងមកដែលបានជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានដូចជា ការមិនយកពន្ធលើដីស្រែប្រជាពលរដ្ឋ ការបញ្ចុះថ្លៃអគ្គីសនី ទឹកស្អាត ការផ្តល់សេវាសាធារណៈដោយឥតគិតថ្លៃ (ដូចជាសំបុត្រកំណើត អាពាហ៍ពិពាហ៍ មរណភាព សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ) ការអនុញ្ញាតឲ្យអាជីវករលក់ដូរនូវសិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់ និងកន្លែងលក់ដូរដ៏ទៃទៀត និងការលប់ការបង់ភាស៊ីចំពោះអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ពិសេសនាពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគិតគូរ និងយកចិត្តទុកដាក់ ដល់កម្មករ និយោជិត ដូចជា ការអនុញ្ញាតឲ្យកម្មករ និយោជិតជិះរថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃរយៈពេល ០២ឆ្នាំ ការអនុគ្រោះឲ្យកម្មករនិយោជិតមិនបង់ប្រាក់ថ្លៃសេវាគាំពារសុខភាពគិតចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ហើយចាប់ពីឆ្នាំ២០១៩ តទៅ កម្មករនិយោជិត នឹងទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការផងដែរ។
ឯកឧត្តម ថោង ខុន ក៏បានបញ្ជាក់ជូនអង្គប្រជុំអំពីល្បិចកល និងការបោកប្រាស់របស់បក្សប្រឆាំង ដែលកន្លងមក មិនគ្រាន់តែមិនបានចូលរួមកសាងសមិទ្ធផលសម្រាប់ប្រទេសជាតិអ្វីសោះនោះទេ តែបានរារាំងបរទេសកុំឲ្យផ្តល់ជំនួយ កុំឲ្យវិនិយោគ និងកុំឲ្យទិញទំនិញកម្ពុជា ដែលជាយុទ្ធសាស្រ្ត០៣កុំរបស់ពួកគេ ដែលទាំងនេះជាកត្តារារាំងដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ និងប៉ះពាល់ដល់ជីវភាពរស់នៅ ចំណូល និងមុខរបររបស់ប្រជាពលរដ្ឋ ពិសេសកូនចៅប្រជាពលរដ្ឋដែលជាកម្មករ និយោជិត ហើយដែលខុសស្រឡះ និងផ្ទុយពីគោលនយោបាយ ០៣សុំ របស់រាជរដ្ឋាភិបាល (សុំឲ្យបរទេសផ្តល់ជំនួយមកកម្ពុជា សុំឲ្យបរទេសមកវិនិយោគនៅកម្ពុជា និងសុំឲ្យបរទេសជួយទិញទំនិញកម្ពុជា)។
ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកដល់ប្រជាពលរដ្ឋ ក្មួយៗយុវជនដែលដល់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងធ្វើអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ និងសូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ អោយបានគ្រប់គ្រប់គ្នា។
ក្នុងឱកាសសំណេះសំណាលនេះ តាមសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ ផ្លូវលំក្រួសក្រហម ០១ខ្សែប្រវែង ១,២០០ម៉ែត្រ ប្រឡាយ ០១ខ្សែ ប្រវែង ៤០០ម៉ែត្រ ជួសជុលផ្លូវលើខ្នងប្រឡាយប្រវែង ៤គីឡូម៉ែត្រ និងបានចុះទៅសួរសុខទុក្ខគ្រួសារជនពិការ និងចាស់ជរា ផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិចតុលោក ឃុំបារាយណ៍
