អភិបាលខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំពិភាក្សា និងណែនាំពីការរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ


ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់ការណែនាំពីការរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ (B) សាលាខេត្តរតនគិរី រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងថា ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ឯកឧត្តមអភិបាលខេត្តបាន ស្នើឱ្យគ្រប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ-អង្គភាពជំនាញ គ្រឹះស្ថាន សាធារណៈ និងឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្ត រួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ ដែលខ្លួនមាននាវេលាម៉ោង ៩៖០៩នាទីព្រឹក នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ អង្គភាព មន្ទីរ ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា សាលារៀនរដ្ឋ និងឯកជន និងទីប្រជុំ សហគមន៍ ឱ្យបានកុះករ ក្លៀវក្លា និងអធិកអធម។

បន្ថែមពីនេះ ឯកឧត្តម ញ៉ែម សំអឿន បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបំផុសចលនាមហាជន ឱ្យចូលរួមអបអរសាទរពិធីនេះឱ្យបានច្រើនកុះករ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ ជាពិសេសតាមបណ្តាញសង្គម៕