ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួងនឹងរៀបចំគណៈកម្មាធិការអន្ដរក្រសួងមួយ ដើម្បីត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ ដែលអាចជួយសម្របសម្រួល និងស្វែងយល់ពីបញ្ហា ចំពោះអ្នកប្រើប្រាស់។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ជុន វ៉ាត តំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាសុវត្ថិភាព លើប្រព័ន្ធអនឡាញ ២០២៤ ក្រោមប្រធានបទ «ទាំងអស់គ្នាឆ្ពោះទៅសុវត្ថិភាពលើអ៉ិនធឺណិត» នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ជុន វ៉ាត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំនូវគណៈកម្មាធិការអន្ដរក្រសួងមួយ ដើម្បីត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ និងដាក់ចេញនូវប្រព័ន្ធរួមមួយ ដែលអាចសម្រួល និងស្វែងយល់ពីបញ្ហា ព្រមទាំងឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះថ្នាក់ ដែលកើតមានឡើងមកលើអ្នកប្រើប្រាស់»។
ជាមួយគ្នានេះ ឯកឧត្តម ជុន វ៉ាត ក៏បានអំពាវនាវ និងលើកទឹកចិត្ដ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដែលមានប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការអនុវត្ដនូវវិធានសន្ដិសុខ និងសុវត្ថិភាពទាំងឡាយ ដែលបានដាក់ចេញផងដែរ។
ឯកឧត្តម ជុន វ៉ាត បានស្នើឲ្យក្រុមការងារសុវត្ថិភាព លើប្រព័ន្ធអនឡាញ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គភាពពាក់ព័ន្ធ បន្ដធ្វើការសិក្សាឲ្យបានល្អិតល្អិន លើស្ថានភាពគ្រោះថ្នាក់ និងហានិភ័យតាមស្ថាននីមួយៗ ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា និងបន្ដសហការស្វែងរកដំណោះស្រាយ ប្រកបដោយនាវានុវត្តបន្ថែមទៀត។
ក្នុងឱកាសនេះ ឯកឧត្តម ជុន វ៉ាត បានលើកឡើងថា វេទិកាសុវត្ថិភាព លើប្រព័ន្ធអនឡាញ ២០២៤នេះ ជាការឆ្លុះបញ្ចាំងពីយន្ដការ សហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ លើប្រព័ន្ធអនឡាញ ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព។
ឯកឧត្តម ជុន វ៉ាត បានឲ្យដឹងទៀតថា ការរក្សាសន្ដិសុខ និងសុវត្ថិភាព លើប្រព័ន្ធអនឡាញ ទាមទារការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងនោះរាជរដ្ឋាភិបាល ជាអ្នកដាក់ចេញនូវគោលនយោបាយសមស្របនានា ដែលវិស័យឯកជន ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ត្រូវចូលរួមអនុវត្ដ។
បន្ថែមពីនោះទៀត ឯកឧត្តម ជុន វ៉ាត បានឲ្យដឹងផងដែរថា កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតែផ្ដល់អាទិភាព លើការពង្រឹងសន្ដិសុខ និងសុវត្ថិភាព លើប្រព័ន្ធអនឡាញ ស្របពេលដែលក្រសួងកំពុងតែជំរុញការពង្រឹង និងពង្រីក ក្នុងការផ្ដល់សេវាអ៉ិនធឺណែត នៅទូទាំងប្រទេសកម្ពុជា៕