ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងដោយបានការនិមន្តពី ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយនៃកម្ពុជា ព្រះពោធិ៍វស្សាវិមល ព្រះមេគណខេត្ត បានដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ ប្រារព្ធពិធីអបអរសាទរយ៉ាងក្លៀវក្លា ចំពោះការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជាប្រវត្តិសាស្ដ្រ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅបុរីវប្បធម៌កោះសំពៅមាស ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុចបូតុងបើកការដ្ឋានជាផ្លូវការ។
ឯកឧត្តម ខូយ រីដា បានថ្លែងថា ក្នុងឱកាសចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃនេះ។ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក ដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្ត ងជំរុញការអនុវត្តដោយប្រមុខរាជរដ្ឋាភិ និងចំការអនុវត្តដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប និងត្រូវបាន មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តមសូមជម្រាបជូនថា គម្រោងព្រែកជីកនេះ គឺជាគម្រោងប្រវត្តិសាស្ត្រទី១ នៅក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក របស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រដែលមានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហឹង នៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
ឯកឧត្តមបានបន្តថា ផ្លូវទឹកនេះនឹងត្រូវកសាងស្ទើរទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់ត្រូវបានប្រើប្រាស់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ និងត្រូវជីកបន្ថែមប្រមាណ៧គីឡូម៉ែត្រ ប៉ុណ្ណោះ ដើម្បីកាត់បន្ថយចម្ងាយតភ្ជាប់ទៅសមុទ្រ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា រួមមាន៖ តភ្ជាប់ការដឹកជញ្ជូន ពីប្រព័ន្ធទន្លេមេគង្គ ត្រង់ទៅកំពង់ផែសមុទ្ររបស់កម្ពុជា ដោយមិនចាំបាច់ ឆ្លងកាត់ប្រទេសជិតខាង បង្កើនអធិបតេយ្យភាព និងឯករាជ្យភាព នៃការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ ថវិកា នីតិវិធីសម្រាប់នាវា និងទំនិញចេញ-ចូល ធ្វើឱ្យចំណេញតម្លៃដឹកជញ្ជូនផលិតផល និងកសិផលកម្ពុជា ទៅទីផ្សារអន្តរជាតិ ព្រមទាំងជួយបង្កើនល្បឿន នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរ ងាយស្រួលធ្វើសមាហរណកម្ម ដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយ ដឹកជញ្ជូនផ្សេងទៀត ជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មថ្មីៗ និងមជ្ឈមណ្ឌលភស្តុភារកម្ម តំបន់ការអភិវឌ្ឍផែរណប ថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការធានាសុវត្ថិភាពទឹក សម្រាប់ប្រជាជន នៅភាគនិរតី ប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើកសិកម្មបានច្រើនដងក្នុងមួយឆ្នាំ និងបានគ្រប់រដូវកាល ជួយបញ្ចៀសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជួយបង្កើនការងារថ្មីៗជូនប្រជាជន ជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្មថ្មីៗ តាមដងព្រែក ព្រមទាំងជួយគាំទ្រ ដល់ការអភិវឌ្ឍ និងតភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំងអស់របស់កម្ពុជា ទៅសមុទ្រ។
ឯកឧត្តមសូមគោរពថ្លែងអំណរគុណ ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន ចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុជាតិមាតុភូមិ និងបានដឹកនាំកម្ពុជា ឱ្យទទួលបានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។
យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាបន្តគាំទ្រ និងចូលរួមអនុវត្តនូវកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាថ្នាក់ដឹកនាំបន្តវេន ដែលពោរពេញទៅដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ឈ្លាសវៃ ប៉ិនប្រសប់ មានការប្តេជ្ញាចិត្តខ្ពស់ និងមានឆន្ទៈដ៏មុតមាំ ក្នុងការដឹកនាំជាតិមាតុភូមិកម្ពុជា ឱ្យសម្រេចបាននូវវឌ្ឍនភាពថ្មីៗ និងសមិទ្ធផលធំៗបន្ថែមទៀត ដើម្បីបម្រើជាឧត្តមប្រយោជន៍ដល់ ប្រជាជនកម្ពុជាទាំងមូល៕