(ខេត្តឧត្តរមានជ័យ)៖ ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ រួមជាមួយឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងទិសដៅការកិច្ចបន្ត របស់គណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ ប្រចាំខែកក្កដា ឆ្នាំ២០២៤។
ការងារកន្លងមកដោយបានការដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានខេត្តឧត្តរមានជ័យ បានចាត់តាំងឲ្យក្រុមការងារគណបក្សគ្រប់ថ្នាក់ចូលរួមសហការធ្វើវេទិកាសាធារណៈ ជាមួយ ក្រុមការងាររាជរដ្ឋាភិបាលរដោយមានការជួបប្រជុំប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់នីមួយៗតាមផែនការចំនួន២៤ទីតាំង សរុបទូទាំងខេត្ត ដើម្បីស្វែងយល់ និង ដោះស្រាយអំពី សុខទុក្ខ ក្តីកង្វល់ បញ្ហាប្រឈម សំណើ សំណូមពរ និង តម្រូវការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ចំពោះការងារសន្តិសុខ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក តែងធ្វើសកម្មភាពជាប់ជាប្រចាំ ដើម្បីធានានូវ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈវិធានការណ៍ បង្ការ បង្ក្រាប និង ទប់ស្កាត់ ពិសេសការធ្វើវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាចលនា ស្នូល ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ធ្វើឲ្យបទល្មើស មានការថយចុះគួរឲ្យកត់សម្គាល់ ។ សន្តិសុខព្រំដែនមាន ភាពស្ងប់ស្ងាត់ សហការណ៍ ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និង មានទំនាក់ទំនងល្អរវាងកងកម្លាំង និង អាជ្ញាធរទាំងពីរ កម្ពុជា-ថៃ ។
ជាមួយគ្នានេះ ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងការកោតសរសើរចំពោះក្រុមការងារទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់។ បន្ថែមពីនេះទៀតឯកឧត្តមក៏បានលើកទិសដៅអនុវត្តបន្ត
១. បន្តថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អ
២. បន្តជំរុញការអនុវត្តកម្មវិធីកែទម្រង់ តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់“
៣. បន្តពង្រឹងមន្ត្រីបង្គោលគណបក្សនៅ មូលដ្ឋាន ឲ្យខិតខំបម្រើប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវ
៤. ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវបន្តធ្វើសកម្មភាពដូចភ្លៀងរលឹមយកចិត្តទុកដាក់ដោះស្រាយបញ្ហា ប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរៀងៗខ្លួន
៥. បន្តពង្រឹងការគ្រប់គ្រង និងកសាងសមាជិកថ្មី តាមគោលការណ៍ រក្សាចាស់ បង្កើនថ្មី – ពិសេសស្រទាប់យុវជន
៦. រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ
៧. គណបក្សក្រុង ស្រុក ណែនាំគណបក្ស ឃុំ សង្កាត់ និង គណបក្សភូមិ ដូចខាងក្រោម៖
ក. ជ្រើសរើសភ្នាក់ងារគណបក្សសម្រាប់ចូលរួមពិនិត្យឈ្មោះ និង ចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ ២០២៤ ប្រើប្រាស់ភ្នាក់ងារគណបក្សដែលមានស្រាប់
ខ. ពិនិត្យបញ្ជីឈ្មោះ និង ជម្រុញឲ្យសមាជិកគណបក្សដែលមិនទាន់មានឈ្មោះបោះឆ្នោត និង សមាជិកយុវជនគណបក្សទើបគ្រប់អាយុ១៨ឆ្នាំឲ្យទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា៕