លោកជំទាវ យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលលើកទី៣ នៃសម្លេងបណ្ដាប្រទេសខាងត្បូង ដែលបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ តាមប្រព័ន្ធនិម្មិត។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនេះ ផ្តោតលើមូលបទ «ការធ្វើផែនការគំរូពិសេសមួយសម្រាប់បណ្តាប្រទេសខាងត្បូង» ដែលត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម សុប្រាម៉ានយ៉ាម ចៃហ្វាងការ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសចំនួន ១៦ មកពីបណ្ត ប្រទេសខាងត្បូង។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើ លោកជំទាវ យិនទៀង ពុទ្ធិរស្មី បានសង្កត់ធ្ងន់លើសសរស្តម្ភ ៣ សម្រាប់គំរូអភិវឌ្ឍន៍ នៅបណ្តាប្រទេសខាងត្បូង រួមមាន៖
១. កំណើនប្រកបដោយបរិយាបន្ន៖ បណ្តាប្រទេសខាងត្បូង ត្រូវតែផ្តោតលើយុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលអាចដោះស្រាយបញ្ហាវិសមភាព និងអាចផ្ដល់ឱកាសដល់ប្រជាជនទាំងអស់ ជាពិសេសស្ត្រី យុវជន និងសហគមន៍ដែលជួបការលំបាក។ លោកជំទាវបានថ្លែងបន្ថែមទៀតថា ការប្រើប្រាស់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពិតជាមានសារៈសំខាន់ក្នុងការធ្វើបរិវត្តកម្មសេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
២. ការការពារថែរក្សាបរិស្ថាន៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព តម្រូវឱ្យមានការការពារថែរក្សាបរិស្ថានរបស់យើងផងដែរ។ ក្នុងន័យនេះ កម្ពុជាស្នើបណ្តាប្រទេសខាងត្បូង ផ្ដល់អាទិភាពចំពោះនិរន្តរភាពនៃបរិស្ថាន និងធ្វើការកាន់តែជិតស្និទ្ធសំដៅសម្រេចបាននូវការអនុវត្តហិរញ្ញប្បទានបរិស្ថាន ដែលប្រទេសអភិវឌ្ឍន៍បានសន្យា ដើម្បីដោះស្រាយ និងកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។
និង៣. កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ យើងប្រឈមបញ្ហារួមលើផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលតម្រូវឱ្យមានដំណោះស្រាយរួម។ ដូច្នេះកម្ពុជា សូមអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសខាងត្បូង ជំរុញភាពជាដៃគូលើវិស័យបច្ចេកវិទ្យា ពាណិជ្ជកម្ម និងការកសាងសមត្ថភាព។ តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើឱ្យសម្លេងរបស់យើងឮខ្លាំងជាងមុននៅលើវេទិកាសកល ដែលនឹងគាំទ្រដល់សណ្តាប់ធ្នាប់អន្តរជាតិមួយប្រកបដោយសមភាព និងយុត្តិធម៌។
ប្រភពដដែល បានបន្តថា ក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសដែលចូលរួម បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការកែទម្រង់ ពហុភាគីនិយម និងការអនុវត្តរបៀបវារៈស្តីពីអាកាសធាតុ ដែលអន្តរជាតិបានឯកភាពគ្នារួចហើយ។ រដ្ឋមន្ត្រីដែលចូលរួម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលបានហិរញ្ញប្បទាន និងបច្ចេកវិទ្យា ដែលចាំបាច់ សម្រាប់ការសម្រេចបាននូវការអភិវឌ្ឍរបស់បណ្ដាប្រទេសខាងត្បូង។ ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសខាងលើ បានជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីកោណ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

