ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំវិសាមញ្ញលើកទី១ ដើម្បីត្រួតពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាង ចំណូលនិងចំណាយ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត


( ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៤ តំបូងរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ ប្រធានច្រកចេញចូលនៃសាលាខេត្ត និងប្រធាន/អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញ។

កិច្ចប្រជុំវិសាមញ្ញលើកទី១នេះ បានអនុម័តទៅលើរបៀបវារៈមួយចំនួនរួមមាន៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង ស្ដីពីការរៀបចំគម្រោងចំណូលថវិការ របស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៥ ២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង ស្ដីពីការរៀបគម្រោងចំណាយថវិការ របស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៥ និង ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីការរៀបចំបែងចែកតួនាទី ភារកិច្ច និងរបៀបរបបការងារជូនគណៈអភិបាលខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា៖ យោងតាមការចាំបាច់របស់ គណៈអភិបាលខេត្តត្បូងឃ្មុំ  បានស្នើដល់ក្រុមប្រឹក្សារៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង ស្ដីពីការរៀបចំគម្រោងចំណូលនិងចំណាយថវិការ របស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៥ និងធ្វើការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់គណៈអភិបាលខេត្តត្បូងឃ្មុំ។ ដោយការដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត សេចក្តីព្រាងនេះ ធ្វើឡើងស្របតាមច្បាប់បទដ្ឋានគតិយុត្ត និងដើម្បីឲ្យគណៈអភិបាលមានតួនាទីភារកិច្ច ចូលរួមក្នុងការអនុវត្តការងារ ការអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចម្រើន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការ ដែលបានរួមសហការគ្នាល្អ ដើមី្បធានានូវ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តបានល្អលើគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។

ឯកឧត្តម  បានបញ្ជាក់ថា ដើម្បីធានាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ដែលមានចែងក្នុងរបៀបវារៈគោលនយោបាយនៅក្នុងឆ្នាំដំបូង នៃរដ្ឋាភិបាលនីតិកាលទី៧ ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលត្រូវបង្កើនការវិនិយោគ និងបង្កើតតម្លៃបន្ថែមលើមូលដ្ឋានកំណើនសេដ្ឋកិច្ចដែលមានស្រាប់ និងជំរុញឲ្យមានការវិនិយោគទៅលើប្រភពថ្មីនៃកំណើនដែលមានសក្ដានុពលសេដ្ឋកិច្ច សំដៅធ្វើការអភិវឌ្ឍខេត្ត លើគ្រប់ហេដ្ឋារចនាសម្ព័ន្ត សមស្របជាខេត្តគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្រ្ត៕