រដ្ឋបាលខេត្តកំពត រៀបចំពិធីក្រុងពាលីដំឡើងនាឡិកាខ្នាតធំកម្ពស់៣៥ម៉ែត្រ នៅជាប់មាត់ព្រែក ក្រុងកំពត


(កំពត)៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីដំឡើងនាឡិកាខ្នាតធំ មានកម្ពស់៣៥ម៉ែត្រ មុខនាឡិកាមានទំហំអង្គត់ផ្ចិត៩,៧០ម៉ែត្រ ដែលមានរេចនាបទបែបខ្មែរ ដើម្បី​ទាក់ទាញភ្ញៀវទេសចរទាំងជាតិ ​និងអន្តរជាតិ​បានមកលេងកម្សាន្តក្នុងខេត្តកំពត​កាន់តែច្រើនឡើងបន្ថែមទៀត​។

ពិធីខាងលើនេះ ត្រូវបានរៀបចំឡើងនូវបរិវេណទីតាំងដំឡើងនាឡិកា ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អាជ្ញាធរខេត្តបានចាត់ទុកការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបង ដោយបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតុបតែងលម្អភ្លើងពណ៌តាមទីសាធារណៈសំខាន់ៗ ក្នុងខេត្ត បង្កើតឱ្យមានកន្លែងកម្សាន្តថ្មីៗ ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក នឹងនាឡិការយក្សនេះជាដើម។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញនូវកិច្ចចង្អុលការឱ្យខេត្តដែលជាគោលដៅទេសចរណ៍ទាំងអស់ ត្រូវតែពង្រីក សក្តានុពល បង្កើននូវការអូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តឱ្យបានច្រើនពិសេសត្រូវកែច្នៃ រៀបចំបន្ថែមនូវទីតាំង និងកន្លែងផ្តល់សេវាទេសចរណ៍ឱ្យបានច្រើន៕