ប្រធានរដ្ឋសភាវៀតណាម ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម


(ភ្នំពេញ)៖ ឯកឧត្តម ជិន ថាញមិន ប្រធានរដ្ឋសភាវៀតណាម ក្នុងនាមថ្នាក់ដឹកនាំបក្សកុម្មុយនីស្តវៀតណាម រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម បានផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព ឯកឧត្តម ង្វៀន ហ៊ូចុង (NGUYEN PHU TRONG) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ក្នុងសារថ្លែងអំណរគុណនោះ ក៏បានរំលឹកអំពីពេលដែលសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វ៊ូចុង នៅទីក្រុងហាណូយ ដែលជាកាយវិការដ៏ថ្លៃថ្លា និងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ភាគីវៀតណាមក្នុងគ្រាដ៏សោកសង្រេងនេះ។

សំខាន់ជាងនេះ ប្រធានរដ្ឋសភាវៀតណាមបានបញ្ជាក់ទៀតថា «ដោយមានបំណងចង់បន្តការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវកេរដំណែលរបស់លោកអគ្គលេខាធិការ យើងខ្ញុំសូមសច្ចាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយព្រឹទ្ធសភាកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោប្រធាន ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ»

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតទៅកាន់មេដឹកនាំកំពូលមួយចំនួនរបស់វៀតណាម ដោយចូលរួមរំលែកទុក្ខចំពោះមរណភាព ឯកឧត្តម ង្វៀន ហ្វ៊ូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម៕

ខាងក្រោមនេះជាសារលិខិតថ្លែងអំណរគុណរបស់ប្រធានរដ្ឋសភាវៀតណាម ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន៖