ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពបំពេញបន្ថែមនិងសំណេះសំណាលជាមួយក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា និងយុវជនខណ្ឌជ្រោយចង្វារកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារសមាគម សរុប ៤៥នាក់ នៅទីស្នាក់ការសមាគមនិស្សិតមុស្លិមកម្ពុជា។
បន្ទាប់ពីការអានសេចក្ដីសម្រេចស្ដីពីការទទួលស្គាល់សមាសភាពបំពេញបន្ថែមនៃក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជារាជធានីភ្នំពេញរួចមក ឯកឧត្តមវេជ្ជ.សុះ មុះសិន បានជម្រាបជូនអង្គប្រជុំថា សមាគមនិស្សិតមុស្លិមកម្ពុជាមានការប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម។ ២) តំណាង និងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជា ទាំងខាងជីវភាព ស្មារតី និងសង្គម។ ៣) ទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធ ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនសំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងរួមលើកកម្ពស់ការអប់រំ ថែទាំ និងសុខភាពរបស់កុមារកម្ពុជា។
ឯកឧត្តមបានផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុមការងារត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបន្តដឹកនាំប្រទេស រក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជូនដល់សមាជិក សមាជិកា និងក្រុមការងារ ដើម្បីមានមូលដ្ឋានកាន់តែច្បាស់ ចៀសវាងការវិនិច្ឆ័យខុសពីគោលបំណងពិតនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ដែលសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមរយៈភាពងាយស្រួលក្នុងការទំនាក់ទំនង ការដោះដូរទំនិញ ការធ្វើពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងបី ពុំមានការកាត់ដីទៅឱ្យប្រទេសណាមួយ ដូចការបំផុសបំផុលពីក្រុមឆ្លៀតឱកាសនិយមបានលើកឡើងនោះឡើយ។ កម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យភាព មានបូរណភាពទឹកដី មានព្រំដែនគោក ព្រំដែនទឹកច្បាស់លាស់ ហើយស្មើមុខស្មើមាត់ក្នុងតំបន់ និងសកលលោក។
ឯកឧត្តមបានណែនាំ និងផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុមការងារទាំងអស់ត្រូវខិតខំឈ្វេងយល់ទិដ្ឋភាពច្បាប់ គោលនយោបាយ និងឯកសារគតិយុត្តនានា ដើម្បីមានមូលដ្ឋានក្នុងការសម្រេចចិត្ត កុំជឿលើប្រភព័ត៌មានមិនច្បាស់លាស់ នាំឱ្យចាញ់បោកក្រុមអគតិ ជ្រុលនិយមមួយចំនួន ដែលមានមូលដ្ឋាននៅក្រៅប្រទេស មានចេតនាញុះញុងប្រជាពលរដ្ឋឱ្យធ្វើបាតុកម្ម និងមានផែនការរៀបចំចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាស់។