សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ អនុប្រធានគណៈកម្មការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនក្រុងសៀងហៃ ដើម្បីជំរុញការកសាងជោគវាសនារួមកម្ពុជា-ចិន


នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ចុង មីង (Zong Ming)អនុប្រធានគណៈកម្មការអចិន្រ្ដៃយ៍ នៃសភាតំណាងប្រជាជនក្រុងសៀងហៃ នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវក្តីសោមនស្សរីករាយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន អនុប្រធានគណៈកម្មការអចិន្រ្ដៃយ៍ លោកស្រី ចុង មីង និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ចាត់ទុកថាដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកលើកកម្ពស់ដល់ទំនាក់ទំនងជាប្រវត្តិសាស្រ្តមិត្តភាពប្រពៃណីដែកថែប ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនក្រុងសៀងហៃឱ្យកាន់តែសកម្មស៊ីជម្រៅ គ្រប់ជ្រុងជ្រោយឡើង ស្របតាមកិច្ចសហប្រតបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទំាងពីរ។

ក្នុងជំនួបនេះ ស្រី ចុង មីង បានជម្រាបថានេះជាលើកទី១ ដែលលោកជំទាវបានមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា ហើយពិតជាមានអារម្មណ៍រំភើបរីករាយក្រៃលែង និងបានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ទំាងមូលដែលបានអញ្ជើញ និងទទួលស្វាគមន៍ដល់គណៈប្រតិភូ បានយ៉ាងកក់ក្តៅ ធ្វើឱ្យលោកជំទាវនិងគណៈប្រតិភូទទួលបានអារម្មណ៍ថា ដូចជាបានមកដល់ផ្ទះរបស់ខ្លួនយ៉ាងដូច្នេះដែរ។ លោកជំទាវប្រធានគណៈប្រតិភូ បានសម្តែងការអបអរសាទរចំពោះការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា។

ជាមួយគ្នានេះ លោកស្រីមានមោទនភាពចំពោះសមិទ្ធផល ដែលកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ មានដូចជាអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបជាដើម។ សមិទ្ធផលនេះ មិនត្រឹមផ្តល់នូវសុខដុមនីយកម្មដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែបានធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ចិន មានលក្ខណៈរស់រវើកថែមទៀតផង។

លោកស្រី បានបញ្ជាក់ថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែលបានរួមសុខទុក្ខជាមួយគ្នាយ៉ាងស្មោះស្ម័គ្រ ជឿទុកចិត្តគ្នា ហើយភាគីចិនបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះការវិវត្តនៃទំនាក់ទំនងប្រទេសទាំងពីរ និងត្រៀមលក្ខណៈជាស្រេចក្នុងការអនុវត្តនូវកិច្ចការ ដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានឯកភាពគ្នាកន្លងមក ដើម្បីជំរុញការកសាងជោគវាសនារួមកម្ពុជា-ចិន ក្នុងសម័យទំនើបឱ្យកាន់តែស៊ីជម្រៅនិងជាក់ច្បាស់។

នាឱកាសនេះដែរ អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍ សភាតំណាងប្រជាជនក្រុងសៀងហៃ បានរៀបរាប់លម្អិតជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីសក្តានុពលនិងការងាររដ្ឋបាលរបស់ក្រុងសៀងហៃ ដោយបានគូសបញ្ជាក់ថា ក្រុងសៀងហៃ ជាមជ្ឍមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសចិន។ សៀងហៃជាក្រុងដែលមានការរីកចម្រើនលេខ១របស់ចិន នៅក្នុងនោះជាទីតំាងមជ្ឈមណ្ឌលសំខាន់ៗចំនួន៥ ដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ចអន្តរជាតិ, មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ, មជ្ឈមណ្ឌលកំពង់ផែពាណិជ្ជកម្មអន្តរជាតិ, មជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ និងមជ្ឈមណ្ឌលនវានុវត្តន៍អន្តរជាតិ។

លោកស្រីក៏បានបន្ថែមទៀតថា ដំណើរទស្សនាកិច្ចមកកម្ពុជានាពេលនេះ ក្នុងគោលបំណងកៀរគរសហគ្រាសកម្ពុជាបន្ថែម ឱ្យទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មនាំចូលលើកទី៧ ពីថ្ងៃទី០៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ ហើយការចូលរួមរបស់សហគ្រាសកម្ពុជាគឺធ្វើយ៉ាងណានាំយកនូវផលិតផលល្អៗ និងសេវាកម្មល្អៗពីកម្ពុជាទៅទីក្រុងសៀងហៃ ក៏ដូចជាប្រទេសចិនផងដែរ។ លោកស្រីបានបន្តថា ពិព័រណ៍ពាណិជ្ជកម្មនាំចូលនេះបានរៀបចំឡើង ៦លើកមកហើយចាប់តាំងពីឆ្នាំ២០១៨ ហើយកន្លងមកមានសហគ្រាសកម្ពុជាចំនួន ៣៧បានចូលរួម៕