ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋលើវិស័យដីធ្លី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញប្រគល់បណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋជាអតិថិជនអតីតបុរី វី អាយ ភី ខេត្តព្រះសីហនុ។ តាំងអតីតបុរី វី អាយ ភី នៅពេលនេះ ត្រូវបានកាត់ចូលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលទើបបង្កើតថ្មី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាអតិថិជនបុរី វី អាយ ភី នេះដែរ គឺដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យ របស់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងថា «ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមដោះស្រាយបញ្ហានាពេលកន្លងមក ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នៅតែបន្តជួយសម្របសម្រួល ដោះស្រាយជាបន្តបន្ទាប់រហូតបញ្ចប់ការងារទាំងស្រុង។
គួរជម្រាបថា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។ ក្រុងកំពង់សោមនេះ គឺត្រូវកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ រួមមាន៖ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ហើយទាំង៥នេះត្រូវប្រែមកសង្កាត់វិញ ពោលគឺ៖ សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ខណៈទីតាំងរដ្ឋបាលក្រុងកំពង់សោម គឺនៅសង្កាត់រាម។ ដូច្នេះទីតាំងបុរី វី អាយ ភី ដែលពីមុនស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់នោះ គឺត្រូវស្ថិតក្នុងសង្កាត់អូរឧកញ៉ាហេង នៃក្រុងកំពង់សោមវិញ៕