ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ប្រទេសឥណ្ឌា រួមចំណែកដល់ការងារបោសសម្អាតមីនមនុស្សធម៌ និងគាំពារដល់ជនមានពិការភាពដោយសារមីននៅកម្ពុជា


ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលជួបសវនាការជាមួយគណៈប្រតិភូនាយទាហានជាន់ខ្ពស់ការពារជាតិ​ឥណ្ឌា​ រួមជាមួយ​នាយទាហាន​ ពលទាហានមកពីប្រទេសឥណ្ឌា​ ម៉ារ៉ុក​ ស្រីលង្កា​ បង់ក្លាដេស​ អារ៉ាប៊ីសាអ៊ូឌីត​ សំប៊ី​ តង់ហ្សានី​ និង​ប្រេស៊ីល​ និងនិស្សិតនៃមហាវិទ្យាល័យការពារជាតិឥណ្ឌា​ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ Mukesh Aggarwal មកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលជាង ៣០ ឆ្នាំ ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កា និងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាប្រទេសមួយដែលបានរួមចំណែកដល់ការងារបោសសម្អាតមីនមនុស្សធម៌ និងគាំពារដល់ជនមានពិការភាពដោយសារមីនតាមរយៈការផ្តល់នូវអវយវៈសិប្បនិមិត្ត ចាប់តាំងពីឆ្នាំ២០២២ អំឡុងពេលដែលវិស័យសកម្មភាពបានទទួលការគាំទ្រយ៉ាងផុសផុលពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ក្រោមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី។

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន បានជ្រើសយកខេត្តកោះកុងក្នុងការប្រើប្រាស់ជំនួយមនុស្សធម៌របស់រដ្ឋាភិបាលឥណ្ឌាសម្រាប់ការងារបោសសម្អាតមីន។ ភូមិចំនួន ៤ ស្ថិតក្នុងស្រុកបុទុមសាគរ បានបោសសម្អាតរួច និងប្រកាសជាភូមិអស់ ក្រោមការគាំទ្រពី “គម្រោងផ្តល់ផលរហ័ស” ដំណាក់កាលទី១ ហើយបច្ចុប្បន្ននេះ ស្ថិតក្នុងដំណាក់កាលទី២ ឥណ្ឌាបានគាំទ្រដល់ការបោសសម្អាតមីនក្នុងស្រុកចំនួន ០៤ បន្ថែមទៀតក្នុងខេត្តកោះកុង រួមមានស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកថ្មបាំង និងស្រុកកោះកុង ដែលគ្រោងប្រកាសជាស្រុកអស់មីនក្នុងឆ្នាំ២០២៥ ខាងមុខ។

តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជួយឧបត្ថម្ភគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ហើយការរួមចំណែករបស់ប្រទេសឥណ្ឌា ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងជនមានពិការភាព៕