នាយករដ្ឋមន្ត្រីឡាវ វាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងស្ថាប័នកម្ពុជា-ឡាវ


ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៣ ខែកញ្ញានេះ ឯកឧត្តម សុនសាយ សីផាន់ដន នាយករដ្ឋមន្រ្តីនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានធ្វើការវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើពុករលួយ រវាងស្ថាប័នទាំងពីរ អាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ក្នុងពេលកន្លងមកនិងបច្ចុប្បន្ន។

ជាមួយគ្នាំនោះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នទាំងពីរ ឱ្យបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ កម្ពុជា និងឡាវ។

ឆ្លៀតនា​ឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើរតាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី សួរសុខទុក្ខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីផងដែរ ទន្ទឹមគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏សូមចូលរួមអបអរសាទរចំពោះលទ្ធផលការងាររបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលបានបំពេញការងារប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃ។