រសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នំា២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនំាគណ:ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមី លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ទទួលមរណភាព នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង ៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ នឹងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាននេះ ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមសម្តែងនូវការសោកស្តាយប្រកបដោយក្តី សង្វេគចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលជាស្វាមី លោកឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ចំពោះ ក្រុមគ្រួសារ ដែលកន្លងមក សម្តេចចៅហ្វាវាំង តែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីខិតខំចិញ្ចឹមបីបាច់ថែរក្សា និង អប់រំទូន្មានប្រៀនប្រដៅបុត្រីធិតា និងចៅៗរហូតបានក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ សង្គមជាតិ។ មិនត្រឹម តែប៉ុណ្ណោះ មរណភាព សម្តេច គឺជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគម្រូដ៏ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិត បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេស ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាម អង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជន រហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ជាមួយសមាគមកាកបាទក្រហមកម្ពុជា។
ជាថ្មីម្តងទៀត សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម ជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។