នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នៅសណ្ឋាគារសាន់អេនម៉ូនភ្នំពេញ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាអធិបតីបិទបញ្ចប់គម្រោង CRAS និងបើកនូវគម្រោង EU-CAPSAFE ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូនានា ដែលបានសហការធ្វើការជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មដូចជាការរក្សារស្ថេរភាពថ្លៃ ការគាំទ្របច្ចេកទេសដល់កសិករក្នុងការដាក់ពង្រាយមន្រ្តីភូមិឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានា និងលើកកម្ពស់ជីវភាពកសិករ ដោយធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករដូចជា ដើមទុន បច្ចេកទេស ស្ថេរភាពនៃការផ្គត់ផ្គង់ និងទីផ្សារជាដើមប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សហគមន៍ស្វាយចន្ទី និងម្រេចត្រៀមខ្លួនក្នុងការចូលរួមជាមួយគម្រោង EU-CAPSAFE ដើម្បីទទួលបានទុនក្នុងការវិនិយោគបន្ថែម ជួយជីវភាពឱ្យប្រសើរឡើង ពង្រឹងនូវផលិតកម្មអោយកាន់តែមានគុណភាពល្អ ធ្វើតាមបច្ចេកទេសនិងគោរពតាមគោលការសុវត្ថិភាពចំណីអាហារ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអ្នកអនុវត្តគម្រោងគិតគូរពិនិត្យលទ្ធភាពក្នុងការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដែលអាចទទួលបានតម្លៃបន្ថែមខ្ពស់។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក Jost Kadel តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដៃគូនានា ដែលកំពុងបន្តជួយគាំទ្រប្រជាកសិករ។ និងថា ការបើកគម្រោង EU-CAPSAFE គឺជាការបើកទំព័រនៃកិច្ចសហប្រតិបត្តិការថ្មីមួយទៀត រវាងកម្ពុជា និងសហភាពអឺរ៉ុប៕