មន្ត្រីទូតកាណាដា កោតសសើរកម្ពុជា ចំពោះការលើកកម្ពស់ការពារសិទ្ធិមនុស្ស ការឈានមុខក្នុងការលើកកម្ពស់ និងការការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា


លោក David Verbiwski ភារធារីនៃតំណាងការិយាល័យស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្នុងការខិតខំលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលឈានមុខក្នុងការលើកកម្ពស់ និងការការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។

ការកោតសរសើរបែបនេះរបស់ភារធារី នៃតំណាងការិយាល័យស្ថានទូតកាណាដា ប្រចាំកម្ពុជា បានធ្វើឡើងនៅក្នុង ឱកាសលោកត្រូវបាន ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតឱ្យជួបពិភាក្សាការងារ នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដែលនេះគឺជាជំនួបលើកទី១ រវាង គ.ស.ម.ក. និងតំណាងស្ថានទូតប្រទេសកាណាដាប្រចាំ ប្រទេសកម្ពុជា។ កិច្ចប្រជុំនេះបានផ្តោតលើតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. និងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសិទ្ធិមនុស្សរវាង គ.ស.ម.ក. និងស្ថានទូតប្រទេសកាណាដាប្រចាំប្រទេសកម្ពុជា។

បន្ថែមពីនេះ លោក David Verbiwski បានលើកឡើងពី វិស័យមួយចំនួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងស្ថានទូតប្រទេសកាណាដាប្រចាំ ប្រទេសកម្ពុជា ដូចជា៖ ការកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការគាំពារសេវាសុខភាពមាតា និងទារក សិទ្ធិការងារ សិទ្ធិបរិស្ថាន និងការអនុវត្តអនុសាសន៍ Universal Periodic Review (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានសម្តែងការស្វាគមន៍ចំពោះលោក David Verbiwski និងសហការី និងបានគូសបញ្ជាក់អំពីឆន្ទៈយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សតាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីតួនាទីសំខាន់ៗរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដូចជា៖ ការទទួលពាក្យបណ្តឹង ការចុះស៊ើបអង្កេត និងដោះស្រាយ ពាក្យបណ្តឹង ការចុះផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្ស ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែង ឃុំឃាំង និងការរៀបចំសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ។

បន្ថែមពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានផ្តល់ជាជំនួយផ្នែកច្បាប់ តាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់ខ្លួន ដោយបានផ្ដល់កិច្ចអន្តរាគមន៍ ទាំងផ្នែកមនុស្សធម៌និងផ្នែកច្បាប់ ដល់ជនងាយរងគ្រោះ ដូចជា ជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព និងជនជាប់ឃុំដែលគ្មានមេធាវី ជាដើម។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីការចូលរួម របស់ប្រទេសកម្ពុជាជាមួយប្រទេសបារាំងនិងអាល្លឺម៉ង់ ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ ដាក់ទោសទណ្ឌជាសកលចំពោះជនស្រឡាញ់ភេទដូចគ្នា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយការចាត់តាំងជនបង្គោល របស់ គ.ស.ម.ក. និងស្ថានទូតប្រទេសកាណាដាប្រចាំកម្ពុជា ការកសាងសមត្ថភាពក្រុមមេធាវីស្ម័គ្រចិត្ត របស់ គ.ស.ម.ក. និងការលើកកម្ពស់និងការការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីគម្រោងរត់ម៉ារ៉ាតុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ និងបានអញ្ជើញតំណាងស្ថានទូត ប្រទេសកាណាដាប្រចាំកម្ពុជាចូលរួមផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានពន្យល់អំពី ការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោង ក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងបានប្រគល់សេចក្តីបំភ្លឺរបស់ គ.ស.ម.ក. ដែលធ្វើការបដិសេដ ចំពោះសេចក្តីថ្លែងការណ៍របស់អង្គការ ASEAN Paliamentarians for Human Rights (APHR) ជូន លោក David Verbiwski ផងដែរ៕