គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ៥៣៩នាក់ ស្រី (១៣៤នាក់) ដែលបានផ្តាច់ខ្លួនពីគណបក្សភ្លើងទៀន អតីតគណបក្សសង្គ្រោះជាតិ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែររួបរួមជាតិ មកពីក្រុងស្រុកទាំង៩។
ពិពីប្រកាសទទួលស្គាល់នេះ ប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ ក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី។
ថ្លែងក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ការបញ្ជូលសមាជិក សមាជិកាថ្មី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាគណបក្ស ដែលមានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការបង្កើត និងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្រុមការងារគណបក្សចុះមូលដ្ឋាន អង្គការមហាជនគ្រប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្តធ្វើអោយសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលគណបក្ស និងប្រជាជនបានប្រគល់ជូនកន្លងមក។
ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិ និងប្រជាជន ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដោយរក្សាឱ្យបាននូវសាមគ្គីភាព កុំជឿពាក្យញុះញង់ពីក្រុមអគតិមួយចំនួន ដែលមានបំណងបំផ្លិចបំផ្លាញកិត្តិយសកម្ពុជា និងការរីកចម្រើនរបស់កម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ តំណាងសមាជិកបក្សថ្មី ក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងបានប្ដេជ្ញាបន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស និងបានប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធផល និងការពារ សន្តិភាពនឹងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជានិច្ចនៅរាល់ការបោះឆ្នោត នាពេលអនាគតផងដែរ៕