ខេត្តស្វាយរៀង ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាចំនួន២នៅខែតុលា​ និងខែវិច្ឆិកា​ ឆ្នាំ២០២៤​ខាងមុខនេះ


នៅព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដើម្បីត្រៀមរៀបចំពិធីដង្ហែភ្លើងគប់កីឡា និងការប្រកួតកីឡាទូក នៅទីតាំងទន្លេរវៃគោ ខេត្តស្វាយរៀង។

កិច្ចពិភាក្សានេះមានការចូលរួមពី​ ឯកឧត្តមអភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពជំនាញក្រោមចំណុះ នៃអគ្គនាយកដ្ឋានកីឡាលោកអនុប្រធានមន្ទីរអប់រំ យុវជន​ និងកីឡាខេត្ត​ អភិបាលក្រុង​ លោកប្រធានមន្ទីរពាក់ព័ន្ធ​ តំណាងកងកម្លាំងទាំង៣​ និងប្រតិភូកីឡាមួយចំនួនទៀត។

ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍ និងសម្តែងនូវអារម្មណ៍រីករាយដែលខេត្តស្វាយរៀង ត្រូវបានសហព័ន្ធកីឡាជាតិរៀបចំអោយមានកម្មវិធីរត់ភ្លើងគប់​ និងការប្រកួតកីឡាទូកដែលឈានចូលមកដល់នាពេលខាងមុខ​ ទាំងនេះសបញ្ជាក់ ឲ្យឃើញថា​ ការរៀបចំរបស់ថ្នាក់ដឹកនាំខេត្តពីកម្មវិធីនីមួយប្រព្រឹត្តិទៅដោយរលូន​ និងបានរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមានសន្តិភាពជូនពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាបានបញ្ជាក់អំពីការផ្សព្វផ្សាយពិធីរត់ភ្លើងគប់ជុំវិញខេត្តទាំង០៥ រួមមាន៖ ខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និងបន្តទៅកាន់ខេត្តកណ្តាលចាប់ចេញដំណើរពីទីតាំង (ព្រែកជីកហ្វូណនតេជោ) រួចបន្តទៅដង្ហែទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រកាសពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ពិធីរត់ភ្លើងគប់កីឡានឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤​ និងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ នឹងរៀបចំធ្វើឡើងនៅទីតាំងទន្លេរវ៉ៃគោ​ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី០៥ ដល់ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤​ ខាងមុខ៕