សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញមោទនភាពដែលផលិតផលរបស់កម្ពុជា មានវត្តមាននៅលើទីផ្សារអន្ដរជាតិ ដែលផ្ទុយស្រឡះកាលពី៣០ឆ្នាំមុន ហាងលក់ផលិតផលអាស៉ីដែលសម្ដេចធ្លាប់ចូលនៅសហរដ្ឋអាមេរិក មិនមានផលិតផលណាដែលផលិតនៅប្រទេសកម្ពុជានោះឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ផលិតផលកសិកម្មរបស់កម្ពុជាជាច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងនោះមានទាំងអាមេរិក និងប្រទេសជាច្រើនទៀតនៅអឺរ៉ុប។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «កាលពី៣០ឆ្នាំមុន ពេលដែលខ្ញុំទៅរៀននៅសហរដ្ឋអាមេរិក ដើរចូលទៅក្នុងហាងអាស៊ីអត់ដែលមានផលិតផលខ្មែរទេ ប៉ុន្ដែពេលនេះយើងអាចនិយាយដោយមោទនភាពថា យើងមានផលិតផលកសិកម្មជាច្រើនប្រភេទ បាននាំចេញទៅក្រៅប្រទេស មិនមែនតែសហរដ្ឋអាមេរិក ក៏មាននៅបណ្ដាប្រទេសជាច្រើននៅអឺរ៉ុប»។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ដៃគូសហការទាំងអស់ ពិសេសវិស័យឯកជននៅបណ្ដាប្រទេសនានាលើពិភពលោក ដែលបានផ្ដល់កិច្ចសហការល្អជាមួយវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការងារជំរុញផលិតផលកសិកម្មកម្ពុជាចេញទៅឆាកអន្ដរជាតិ។
បើតាមប្រសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ក្រៅពីផលិតផលកសិកម្ម មានផលិតផលផ្សេងៗ រាប់ទាំងសម្លៀកបំពាក់ វាយនភណ្ឌ កាតាប កាបូប គ្រឿងអលង្ការ គ្រឿងបង្គុំអគ្គិសនី ដែលផលិតនៅកម្ពុជា ត្រូវបាននាំចេញទៅក្រៅប្រទេស ដែលនេះជាមោទនភាពធំរបស់កម្ពុជា នៅក្នុងរយៈពេលឆ្នាំ៣០ឆ្នាំមកនេះ។
ទាក់ទិនវិស័យស្រូវអង្ករវិញ ដែលជាទំនិញមានទីផ្សារខ្លាំងក្នុងការនាំចេញទៅក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលបានជួយជាច្រើនសម្រាប់វិស័យស្រូវអង្ករ មានដូចជាការឧបត្ថម្ភទន់សម្រាប់កសិករ ហើយអនុគ្រោះពន្ធមួយចំនួនទៀត សម្រាប់វិស័យឯកជនដែលរកស៊ីលើវិស័យស្រូវអង្ករ។
សម្ដេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យស្រូវអង្ករនេះ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទ ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះ ការនាំចូលបរិក្ខារកសិកម្ម និងគ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែងដោយពន្ធ និងអាករជាបន្ទុករបស់រដ្ឋ។
សូមជម្រាងថា រយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១៧ពាន់លានដុល្លារ កើនឡើង ១៦.៧% ខណៈការនាំចូលមានជិត ១៩ពាន់លានដុល្លារ កើនឡើង១៦.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។ ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត៕