រដ្ឋមន្រ្តី និងអ្នកជំនាញស្រូវអង្ករ ជំរុញឱ្យ​កសិករផលិត​ស្រូវមានគុណភាពខ្ពស់ និងលើកកម្រិតស្តង់ដារសុវត្ថិភាពអង្ករ


ឯកឧត្តមរដ្ឋមន្រ្តី និងអ្នកជំនាញស្រូវអង្ករ ជំរុញឱ្យកសិករផលិតផលស្រូវ និងជ្រើសដាំដុះពូជស្រូវ ដែលមានគុណភាពខ្ពស់ និងលើកកម្រិតស្តង់ដារសុវត្ថិភាពអង្ករ ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ ​ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិនេះ ដែលចង់បានគុណភាពច្រើនជាងបរិមាណ។

ឯកឧត្តមរដ្ឋមន្រ្តី និងអ្នកជំនាញស្រូវអង្ករលើកឡើងបែបនេះ ធ្វើឡើងនៅក្នុង «វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ «ការប្រែក្លាយខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជា ឲ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្ដរភាព» ​នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤​ ​នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ​ ​

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្នុងវិស័យកសិកម្ម ក្រសួង​ចង់​បានគុណភាពជាជាងបរិមាណច្រើន ​ដូច្នេះហើយទើបក្រសួងកសិកម្ម បានដាក់ចេញនូវសកម្មភាពធំៗ ​​ដើម្បីជួយទ្រទ្រង់ដល់ការផលិត ​និងជំរុញឱ្យការផលិតនៅកម្ពុជា កាន់តែភាពប្រកួតប្រជែងខ្ពស់។ ​សកម្មភាពធំៗ ​ដែលក្រសួងកសិកម្មបានដាក់ចេញ រួមមានការកសាងសហគមន៍កសិកម្មទំនើប និងជំរុញឱ្យកសិករដាំដុះ នូវពូជស្រូវដែលមានគុណភាព ​ដើម្បីឆ្លើយតបទៅ​តម្រូវការនៃទីផ្សារ។

ឯកឧត្តមបានបន្ត​ថា ក្នុងរយៈពេលចុងក្រោយនេះ ​ក្រសួងបានផលិតចេញនូវពូជមួយចំនួនធំ ដែលពូជទាំងអស់នេះ សុទ្ធតែមានគុណភាព ជាពិសេស​ទទួល​បានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិដូចជា ស្រូវផ្ការំដួល និងសែនក្រអូប។

ឯកឧត្តមបន្ថែមថា «ក្រសួងជំរុញឱ្យកសិករ ក៏ដូចជាសហគមន៍យកចិត្តទុកដាក់ ការប្រើប្រាស់ពូជរបស់យើង ក្នុងនោះ​មានពូជផ្ការំដួល និងសែនក្រអូប។ ​​ចំពោះផ្ការំដួល មានការទទួលស្គាល់ច្រើន ពីប្រជាពលរដ្ឋដោយសារមានលក្ខណៈធន់ទៅនឹងអាកាសធាតុ និងជាពូជប្រកាន់រដូវ។ ដោយឡែកពូជសែនក្រអូប យើងនៅត្រូវការឱ្យប្រជាពលរដ្ឋយើងចូលរួម ដើម្បីទ្រទ្រង់ដល់​ទីផ្សារនាំចេញ»

ក្រៅពីពូជទាំងពីរនេះ ​កម្ពុជាក៏បានផលិតចេញនូវពូជផ្សេងៗមួយចំនួនទៀត ដែលសុទ្ធតែពូជដែលមានលក្ខណៈពិសេស ហើយត្រៀមដាក់ចូល ដើម្បីឱ្យទីផ្សារវាយតម្លៃ។ ពូជស្រូវទាំងនោះ មានដូចជា ពូជស្រូវស្រងែ ដែលជាពូជថ្មី ​ផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អ, ពូជស្រូវកង្រី ដែលជាប្រភេទស្រូវស្រាល ដាំដុះក្នុងរយៈពេលខ្លី ត្រឹមរយៈពេល ៨០ថ្ងៃ​ និងពូជចំប៉ីស ៧០ ជាប្រភេទពូជស្រូវស្រាលមានក្លិនក្រអូប។

ជាមួយគ្នានេះ ក្រសួងកសិកម្ម បានត្រៀមរៀបចំសហគមន៍មួយ ដែលអាចផ្គត់ផ្គង់នូវស្រូវដែលមានគុណភាពខ្ពស់ និងតម្លៃមានភាពប្រកួតប្រជែង តាមរយៈការកាត់បន្ថយថ្លៃដើមនៃការផលិត។ ទោះជាយ៉ាងនេះក្តី កិច្ចការងារនេះ ក៏ត្រូវការឱ្យមានការចូលរួមពីម្ចាស់រោងម៉ាស៊ីន ដែលជាអ្នកប្រមូលទិញពីកសិករផងដែរ។ ការរៀបចំជាកិច្ចសន្យាកសិកម្ម ជាមួយសហគមន៍ពិតជាសំខាន់ណាស់ ហើយការកំណត់ថ្លៃ ដើម្បីលើកទឹកចិត្តឱ្យកសិករដាំពូជក្នុងស្រុក ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ បានលើកទឹកចិត្ត​ឱ្យធ្វើកសិកម្មតាមបែបទំនើបដោយប្រើប្រាស់បច្ចេកវិទ្យា ស្របតាមផែនទីបង្ហាញបង្ហាញផ្លូវបច្ចេកវិទ្យា និងកសិកម្ម​ និងលើកទឹកចិត្តលើការអនុវត្តស្តង់ដារការផលិតកម្ម និងស្តង់ដារសុវត្ថិភាពអង្ករដូចជា ស្តង់ដាហា​សាប់ (HACCP) , ISO 202000 នៅតាមបណ្តារោងចក្រ និងរោងម៉ាស៊ីនកិនស្រូវ ក្នុងគោលដៅដើម្បីធានាភាពជឿជាក់របស់ទីផ្សារ និងអ្នកបញ្ជាទិញទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយគ្នានេះ សូមបន្តនូវវប្បធម៌នវានុវត្តន៍ នៃការកែច្នៃស្រុកអង្ករ ឱ្យទៅជាផលិតផលថ្មីៗបន្ថែមទៀត។

បើ​តាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រកិនស្រូវ និងគ្រាប់ធញ្ញជាតិខ្នាតធំចំនួន ១៩មូលដ្ឋាន ជាមួយនឹងដើមទុនវិនិយោគចំនួនជាង ៣៤២លានដុល្លារអាមេរិក និងម៉ាស៊ីនកិនស្រូវខ្នាតតូចចំនួន ១៩ ៥៧០ មូលដ្ឋាននៅទូទាំងប្រទេស ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១១១លានដុល្លារអាមេរិក។

​ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងជំរុញដល់សមាជិកឱ្យអនុវត្តន៍ ការដាំដុះតាមគោលការណ៍ដំណាំស្រូវនិរន្តរភាព ការរៀបចំឡើងវិញនូវស្តង់ដារស្រូវអង្ករ ជាមួយវិទ្យាស្ថានស្តង់ដារ ការជំរុញដល់ការលើកកម្រិតស្តង់ដារសុវត្ថិភាព ចំណីអាហារដូចជា GMP, HCCP, ISO, ISF, BRC, Organic, Halla ដែលឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវនៃទីផ្សារនីមួយៗ។

លោកបានឱ្យដឹងផងដែរថា នាពេលបច្ចុប្បន្ននេះ សហព័ន្ធស្រូវអង្ករកម្ពុជា មានសមាជិកសកម្មចំនួន ២៨៩ ដែលក្នុងនោះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករមានចំនួន ៨០ ដែលជារោងម៉ាស៊ីនកិនស្រូវ មានសមត្ថភាពក្នុងការកិនកែច្នៃបានចំនួន ១ ២០០ តោនក្នុងមួយម៉ោង មានលទ្ធភាពផ្គត់ផ្គង់អង្ករតាមបទដ្ឋានស្តង់ដារ ចំណីអាហារអន្តរជាតិ ចំនួនប្រមាណជា៣ លានតោនអង្ករ សម្រាប់ប្រតិបត្តិការម៉ាស៊ីនកិនស្រូវ ១០ម៉ោងក្នុងមួយថ្ងៃ។ បរិមាណនេះ គឺមិនរាប់បញ្ចូលម៉ាស៊ីនកិនស្រូវខ្នាតតូច តាមភូមិប្រមាណជាជាង ១០ម៉ឺន មូលដ្ឋានផ្សេងទៀត ដែលមានតួនាទីសម្រាប់ផ្គត់ផ្គង់ក្នុងមូលដ្ឋានរបស់ខ្លួន។

សូមជម្រាបថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ កម្ពុជា​សម្រេចការនាំចេញអង្ករចំនួនជាង ៦.១លានតោន ទៅកាន់ជាង ១០០គោលដៅ តាមរយៈសហគ្រាសចំនួន២៣៤ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមានក្រុមហ៊ុនតែចំនួនជាង៣០ តែប៉ុណ្ណោះ ដែលអាចបន្តប្រតិបត្តិការនាំចេញជាប្រចាំ ដែលក្នុងនោះ ៨០% គឺគ្របដណ្តប់ដោយក្រុមហ៊ុនចំនួន ១៥តែប៉ុណ្ណោះ។

ការបន្តនិរន្តរភាពប្រតិបត្តិការ និងភាពធន់របស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញទាំងនេះ គឺកើតចេញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល លើការបង្កើនភាពប្រកួតប្រជែងតាមរយៈ យន្តការលើកលែងពន្ធគ្រប់ប្រភេទ សម្រួលសេវាគ្រប់ប្រភេទសម្រាប់ការនាំចេញ និងប្រតិបត្តិការរបស់រោង ម៉ាស៊ីនកិនស្រូវ ការអន្តរាគមន៍ហិរញ្ញវត្ថុ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ការពង្រីកហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ របស់រាជរដ្ឋាភិបាល ការផ្តល់យកចិត្តទុកដាក់លើការដាំដុះ និងការពង្រឹងប្រព័ន្ធពូជសុទ្ធរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាមូលដ្ឋានសំខាន់សម្រាប់ធ្វើឱ្យដំណាំស្រូវ បានរីកចម្រើនកើន៕