(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំឲ្យសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានជារៀងរាល់ថ្ងៃនោះ ជាមួយការកោតសរសើរ វិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ។
ការស្នើសុំរបស់សមាជិកក្រុមប្រឹក្សារាជធានីបែបនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ក្រោមអធិបតីភាពឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម កើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឆ្លើយតបទៅនឹងការស្នើឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ បានលើកឡើងថា ការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ សំដៅធ្វើយ៉ាងណា កាត់បន្ថយឲ្យ បាននូវគ្រោះថ្នាក់ចរាចរណ៍ ដោយយើងបានពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍។
គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៥ទៅ៦នាក់ ក្នុងមួយថ្ងៃ នៅទូទាំងប្រទេស។ ចំពោះមនុស្ស ៥នាក់ ទៅ ៦នាក់នេះ បើយើងគិតពីថ្លៃចិញ្ចឹម ថ្លៃសិក្សារៀនសូត្រនិងការអប់រំផ្សេងៗ តើយើងត្រូវខាតបង់ ថវិកា និងពេលវេលានៃការចិញ្ចឹមអស់ប៉ុណ្ណា ហើយមកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បែបនេះ។ លោកបន្តថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានរិះរកអស់គ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយឲ្យបាននៅគ្រោះថ្នាក់ ចរាចរណ៍នេះ។ ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ លុះត្រាតែមានការចូលរួមទាំងអស់គ្នា។
ឯកឧត្តម កើត ឆែ បានបន្តទៀតថា ក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរផងដែរ ចំពោះវិស័យសុខាភិបាលនៅភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម កើត ឆែ នៅតែជំរុញឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អ លើវិស័យសុខាភិបាលនេះ។
ឯកឧត្តម កើត ឆែ បានបញ្ជាក់ផងដែរថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ។ សំរាប់ឆ្នាំ២០២៤នេះ វេទិការនេះនឹងត្រូវធ្វើឡើងនៅខែក្រោយនេះហើយ។ ដូច្នេះទេស្នើឲ្យប្រធានមន្ទីរទាំងអស់ចូលរួមគ្រប់វេទិកា ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ ចៀសវាងឲ្យអនុប្រធានទៅជំនួស ដែលគាត់មិនមានសិទ្ធិ អារកាត់ ឬសម្រេចបាននោះ។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៧ ក្នុងនោះរួមមាន៖
១-ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់លោក ម៉ក់ ថាយ សមាជិកក្រុមប្រឹក្សារាជធានី ភ្នំពេញដែលអវត្តមានក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាចំនួនបីលើកជាប់គ្នា។
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) និងសេចក្តីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រាជធានីភ្នំពេញ។
៥-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើទឹកចិត្ត របស់រដ្ឋបាលរាជធានីភ្នំពេញ។
៦-ពិនិត្យពិភាក្សា និងផ្តល់យោបល់លើចម្លើយតបចំពោះសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៣ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋ នៅក្នុងវេទិការបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្នុងឆ្នាំ២០២៤ នៅតាមខណ្ឌទាំង១៤។
៧-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងឯកសារស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ក្នុងឆ្នាំ២០២៤៕