ឯកឧត្តមរដ្ឋមន្រ្តីឧស្សាហកម្ម ជំរុញឱ្យមន្ទីរគាំទ្រចក្ខុវិស័យ​ប្រែក្លាយ​ខេត្តកំពង់ធំទៅជាមជ្ឈមណ្ឌលជាតិកែច្នៃគ្រាប់ស្វាយចន្ទី


ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ បំពេញតួនាទីឱ្យសកម្ម ដើម្បីគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការ ប្រែក្លាយខេត្តកំពង់ធំ ឱ្យទៅជាមជ្ឈមណ្ឌលជាតិកែច្នៃគ្រាប់ស្វាយចន្ទី។បច្ចុប្បន្នខេត្តកំពង់ធំ​មានចម្ការស្វាយចន្ទីប្រមាណជាង១៤ ម៉ឺនហិកតា។

ក្នុងដំណើរចុះសួរសុខទុក្ខនិងពិភាក្សាការងារជាមួយមន្រ្តីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌីបាន​លើកឡើងពីសក្តានុពលរបស់ខេត្តកំពង់ធំដែលមានចម្ការស្វាយចន្ទីច្រើនកន្លែងនិងមានទីតាំងយុទ្ធសាស្ត្រនៅជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមទាំងផ្លូវល្បឿនលឿនដែលគ្រោងនឹងកសាងនាពេលខាងមុខ។

ដោយផ្អែកលើសក្ដានុពលដែលមានស្រាប់នេះឯកឧត្តមរដ្ឋមន្រ្តី មន្ទីរអនុវត្តអភិក្រម បុរេសកម្មក្នុងការគាំទ្រគំនិតផ្តួចផ្តើម ផលិតកម្ម និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់សេវាមន្ទីរពិសោធន៍ ការលើកកម្ពស់បច្ចេកវិទ្យាផលិតកម្មទំនើប និងការចាប់យកស្តង់ដារ​គុណភាពដើម្បីបង្កើនភាពប្រកួតប្រជែងនៃផលិតផលកសិ-ឧស្សាហ​កម្មរបស់ខេត្ត។ឯកឧត្តមក៏បានលើកទឹកចិត្តអ្នកផលិត និងអ្នកកែ​ច្នៃគ្រាប់ស្វាយចន្ទី ឱ្យទាញយកអត្ថប្រយោជន៍ពីធនធាន និងយន្តការ​ដែលរាជរដ្ឋាភិបាលផ្តល់ជូន រួមទាំងលទ្ធភាពទទួល​បានហិរញ្ញប្បទាន​ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ធនាគារ​សហគ្រាសធុនតូច​និងមធ្យមនៃ កម្ពុជា, និងសហគ្រិនខ្មែរ ជាដើម ដើម្បីជំរុញកំណើននៃ​ការផលិត ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីក៏ដូចជាវិស័យ កសិ-ឧស្សាហកម្មជារួម។

ដោយឃើញពីសក្តានុពលនៃផលិតផលស្វាយចន្ទី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់ការណែនាំដ៏ ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យធ្វើការដឹកនាំរៀបចំ និងដាក់ចេញនូវវិធានការចាំ បាច់នានា ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះ រួមមាន៖ទី១៖ ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់ កណ្តាលសម្រេចសិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួតន​ហើយក្នុង ជំហានបន្ទាប់បន្តពង្រឹង និង ពង្រីកការកែច្នៃគ្រាប់ស្វាយ​ចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន។ទី២៖ ការបន្តពង្រឹងការ​ធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (Branding and Marketing)។ទី៣៖ ការជំរុញការចងក្រង និងការបង្កើតសហគមន៍​កសិករស្វាយចន្ទី។ទី៤៖ ការពិនិត្យលទ្ធភាព ក្នុងការបង្កើន​ទុនបង្វិល​សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃនិងការ​បង្កើនទុន​វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់​ស្វាយចន្ទី។

សូមជម្រាបថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្ម​ដូចជាដំណាំចន្ទីដាំដុះ បាន ១៤៥.៣០០ហិកតា ប្រមូលផល​សរុប​បាន ៨០.០០០ហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន​ក្នុងមួយហិកតា ក្នុងមួយឆ្នាំ។ខេត្តកំពង់ធំមាន​សហគ្រាស​​សិប្បកម្ម កែច្នៃស្វាយចន្ទីចំនួន៧កន្លែង និងម៉ាស៊ីនសម្ងួត២៣កន្លែងផងដែរ។

ថ្មីៗកន្លងទៅនេះដែររោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែងដែលប្រើប្រាស់ទុនជាង១លានដុល្លារត្រូវបានសម្ពោធដាក់ឱ្យដំណើរ។រោងចក្រនេះមានទំហំ៥៨ ម៉ែត្រ គុណ២០ ម៉ែត្រ និងអាចផលិត​បាន១០តោនក្នុង១ថ្ងៃក្នុងកម្រិតកុងត្រា១ ៥០០តោន ក្នុង១ឆ្នាំ សម្រាប់ឆ្នាំដំបូង និងសម្រាប់ឆ្នាំបន្ទាប់ ៣០០០តោន ក្នុង១ឆ្នាំ៕