ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំត្រីភាគីរបស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។
គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ៤លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៤លើក និងតំណាងភាគីនិយោជកចំនួន ៣លើក។
ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។
ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនរបស់ខ្លួនចំនួនបីផ្សេងគ្នា គឺតួលេខកំណើន ៦ដុល្លារអាម៉េរិក, ៧ដុល្លារអាម៉េរិក និង ១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក ព្រមទាំងភ្ជាប់ជូននូវសំណើចំនួន ៧ចំណុច ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីពិចារណាដោះស្រាយ។ ដោយឡែក តំណាងភាគីនិយោជក បានស្នើរក្សាតួលេខកំណើនចំនួន ២ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក ហើយនឹងដាក់សំណើមួយចំនួន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
អង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំត្រីភាគីចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល៕