(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីកូរ៉េខាងត្បូង នឹងបន្ថែមកូតាចំនួនបន្ថែមទៀត សម្រាប់ពលករកម្ពុជា មកបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង។
ការបង្ហាញនូវក្ដីសង្ឃឹមបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយឯកឧត្តម Yoon Suk-Yeol នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះការទទួលពលករកម្ពុជា មកបម្រើការងារនៅកូរ៉េ ដែលនឹងនាំត្រឡប់ទៅកម្ពុជាវិញ នូវចំណេះដឹងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍នៅកម្ពុជា។
ឯកឧត្តមប្រធានាធិបតី Yoon Suk-Yeol ក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោផងដែរ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើត ពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ។
សូមជម្រាបថា គិតចាប់ពីឆ្នាំ២០០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ១០៥,៨៤៤នាក់ (ស្រី ២៣.០៧៦ នាក់) ទៅធ្វើការនៅកូរ៉េខាងត្បូង ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ។
ក្នុងនោះ ពលករបន្តអាណត្តិមានចំនួន ១៣,៩២៦នាក់ (ស្រី ២,៥០២ នាក់)។ ចំពោះពលករកម្ពុជាបម្រើការ ក្នុងវិស័យឧស្សាហកម្ម (៦៥,៣១៧ នាក់) កសិកម្ម (៣៥,០១១ នាក់) និងសំណង់ (៥,៥១៦ នាក់)។
គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពលករកម្ពុជាចំនួន ៤៥,១៧០នាក់ (ស្រី ១២,០៣៩ នាក់) កំពុងធ្វើការនៅកូរ៉េខាងត្បូង ដោយទទួលបានបៀរវត្សរ៍ប្រចាំខែជាមធ្យមប្រមាណ ១,៤៥០ដុល្លារអាមេរិក។
គិតត្រឹមខែមីនា ឆ្នាំ២០២៤ និស្សិតខ្មែរកំពុងសិក្សានៅកូរ៉េខាងត្បូងមានចំនួន ៣៩៩នាក់ ហើយស្ត្រីរៀបការជាមួយពលរដ្ឋកូរ៉េមានចំនួន ៤,៦៤១នាក់៕