ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន រៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា


(ប៉ៃលិន)៖ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន បានដឹកនាំរៀបចំ «វេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងប៉ៃលិន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្តប៉ៃលិន។

វេទិកាសាធារណៈ មានការចូលរួមដោយពី អនុប្រធាន សមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន អភិបាលរងខេត្ត ព្រះរាជអាជ្ញា មេបញ្ជាការទិសទី៣ មេបញ្ជាការ មេបញ្ជាការរងកងកំលាំងប្រដាប់អាវុធទាំង៣ នាយករដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ ការិយាល័យចំណុះរដ្ឋបាលក្រុង អង្គភាពជុំវិញក្រុង និងប្រជាពលរដ្ឋសរុបចំនួន ៣៥៥រូប។

លោកជំទាវ អុង សុភាវី បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ៃលិន បានរៀបចំវេទិកាសាធារណៈនេះឡើងក្នុងគោលបំណង ស្វែងយល់អំពីជីវភាពរស់នៅ និងផ្តល់ឱកាសជូនដល់ពុកម៉ែបងប្អូន លើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងមតិយោបល់ ការទិទានកែលម្អទាក់ទងនឹងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ តាមរយៈរដ្ឋបាល ក្រុងប៉ៃលិន។

ទន្ទឹមនឹងនេះដែរ ការរៀបចំវេទិការនេះ គឺជាឱកាសដ៏ល្អមួយ ដែលបង្កើនភាពស្និទស្នាលរវាងរដ្ឋាភិបាល និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ ព្រមទាំងជាឱកាសដែលអាចធ្វើឱ្យក្រុមការងារ បានប្រមូលនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងមតិយោបល់ ការទិទានកែលម្អនានា ជូនថ្នាក់ដឹកនាំ និងណែនាំដល់រដ្ឋបាលក្រុងប៉ៃលិន ព្រមទាំងអង្គភាពដែលស្ថិតក្រោមចំណុះរដ្ឋបាលក្រុងប៉ៃលិន ដើម្បីពង្រឹងការអនុវត្តការផ្តល់សេវាសាធារណៈ កាត់បន្ថយអំពើពុករលួយ ចំណុចអសកម្ម ដើម្បីបង្កើននូវការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមឆន្ទះ និងបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើ​ក​កម្ពស់សុខសុវត្ថិភាព សុខុមាលភាព សេវាសាធារណៈ និងការទប់ស្តាត់នូវគ្រោះមហន្តរាយព្រមទាំងការឆ្លងរាលដាលនៃជំងឺកាចសាហាវផ្សេងៗ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច និងប្តេជ្ញាចិត្តក្នុង​ការ​ធ្វើ​កំណែ​​​ទម្រង់​​រដ្ឋបាលថ្នាក់ ក្រោមជាតិមានលក្ខណៈស៊ីជម្រៅ និងយូរអង្វែងទាំងផ្នែករដ្ឋបាល និង​ផ្នែក​នយោបាយ​តាមរយៈ​ការបង្កើតឲ្យមានក្រុមការងាររាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះដែរ រាជរដ្ឋបាលភិបាលកម្ពុជា បានដាក់​ចេញ​នូវ​គោលនយោ​បាយកំណែទម្រង់វិមជ្ឈការ និងវិស​ហមជ្ឈការ គឺ​អនុវត្ត​​តាមរដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជាចាប់តាំងពី​ឆ្នា ​១៩៩៣​ កំណែទម្រង់នេះសំដៅឱ្យមានការ ចូលរួមគាំទ្រ និងជម្រុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្ត គោលនយោបាយ និងកំណែទម្រងនានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងបំផុសចលនាឱ្យមានការចូលរួមគាំទ្រ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឱ្យការរីកចម្រើនលើគ្រប់វិស័យ ហើយស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដំណាក់ទី៧ នៃរដ្ឋសភា ដែលមានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន៕