ក្រសួងការបរទេស និងក្រសួងអធិការកិច្ច ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ


ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតី និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ តំណាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ និងវិទ្យាស្ថានជាតិអធិការកិច្ច ព្រមទាំងមន្ត្រីរាជការនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនាពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការ និងអភិវឌ្ឍធនធានមនុស្សលើជំនាញការទូត និងទំនងទំនងអន្តរជាតិដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។