នៅវិមាន៧មករា នៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សក្រសួង ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សប្រមាណ ១២០នាក់។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួងបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងអនុវត្តតាមយុទ្ធសាស្រ្តឈ្នះឈ្នះ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគំរូវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ខ្ជាប់នូវឧត្ដមគតិស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីប្រយោជន៍ប្រទេសជាតិ និងប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងនូវការអបអរសាទរជូនចំពោះ ក្រុមការងារយុវជនគណបក្សក្រសួងធនធានទឹក និងឧតុនិយម ដែលមានលោក ជីវ ស៊ុនហេង ជាប្រធាន និងសមាសភាពទាំងអស់ដែលត្រូវបានគណបក្សផ្ដល់សេចក្តីទុកចិត្ត និងប្រគល់ភារកិច្ចជូន ព្រមទាំងបានណែនាំឱ្យបន្តប្រឹងប្រែងបំពេញភារកិច្ច ដើម្បីសម្រេចឱ្យបានសមិទ្ធផលដ៏ត្រចះត្រចង់បម្រើឱ្យឧត្តមប្រយោជន៍យុវជន គណបក្ស និងប្រទេសជាតិ ក្រោមស្មារតីតែមួយ គឺ យុវជនដើម្បីគណបក្ស និង គណបក្សដើម្បីយុវជន។
ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តល់អនុសាសន៍បន្ថែមដើម្បីឱ្យក្រុមការងារយុវជនគណបក្សក្រសួងមានដំណើរការកាន់តែផុលផុសគឺ ទី១)ត្រូវស្មោះត្រង់ និងអនុវត្តតាមគោលនយោបាយគណបក្សឥតងាករេ ទី២)បន្តសាមគ្គីភាពផ្ទៃក្នុង និងជួយទុក្ខធុរៈគ្នា ទី៣)បន្តចូលរួមថែរក្សាសមិទ្ធផលចាស់មានស្រាប់ និងបង្កើនសមិទ្ធផលថ្មី ទី៤)បន្តអភិវឌ្ឍន៍ខ្លួនជានិច្ចដើម្បីពង្រឹងសមត្ថភាពជាអ្នកបន្តវេននាពេលអនាគត ទី៥)បន្តចូលរួមថែរក្សាសន្ដិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា ទី៦)បន្តផ្សព្វផ្សាយនិងកៀរគរយុវជនឱ្យចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ទី៧)បន្តចូលរួមអនុវត្តកំណែទម្រង់ស៊ីជម្រៅ លើកកម្ពស់អភិបាលកិច្ចស្ថាប័ន និងទី៨)បន្តលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
ក្នុងឱកាសនោះដែរ តំណាងក្រុមការងារយុវជនគណបក្សក្រសួងធនធានទឹក និងឧតុនិយម លោក ជីវ ស៊ុនហេង បានធ្វើការប្ដេជ្ញាចិត្តក្នុងស្មារតីចូលរួមចំណែកថែរក្សាសមិទ្ធផលដែលមានស្រាប់ និងដើម្បីសម្រេចបាននូវចក្ខុវិស័យជូនគណបក្ស និងជាតិមាតុភូមិ គឺទី១)ដើរតាមមាគ៌ាដឹកនាំ និងគោលនយោបាយរបស់គណបក្សដោយឥតងាករេ ទី២)ការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ និងប្រឆាំងដាច់ខាតនូវរាល់ឧបាយកល ការឃោសនាមួលបង្កាច់របស់ក្រុមប្រឆាំងជ្រុលនិយម និងពួកអគតិ ទី៣)រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មឥតរួញរា ទី៤)ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន ទី៥)ប្រកាន់ខ្ជាប់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដែលជាព្រលឹងនៃចលនារបស់គណបក្ស ទី៦)លើកកម្ពស់ការអភិវឌ្ឍសមត្ថភាព គុណធម៌ និងមនសិការនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព និងទី៧) ប្រកាន់ជំហរដាច់ខាតក្នុងការថែរក្សាសន្តិភាព ស្ថិរភាពឱ្យបានរឹងមាំ ស្ថិតស្ថេរ៕