ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការអភិរក្សសត្វដំរីឱ្យគង់វង្ស ផ្តល់ផលប្រយោជន៍ដល់ទេសចរណ៍ធម្មជាតិ បង្កើតការងារដល់បងប្អូនជនជាតិដើមភាគតិច និងចូលរួមថែរក្សាវប្បធម៌ទំនៀម ប្រពៃណី


ការការពារ និងអភិរក្សសត្វដំរី ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ហើយការអភិរក្សសត្វដំរី ឱ្យគង់វង្សបានផ្តល់ផលប្រយោជន៍ ដល់ទេសចរណ៍ធម្មជាតិ ការអភិរក្សដំរីស្រុកបង្កើតកូនបានច្រើន បង្កើតការងារដល់បងប្អូនជនជាតិដើមភាគតិច និងចូលរួមថែរក្សាប្រពៃណី វប្បធម៌ទំនៀមទម្លាប់ឱ្យបានល្អ។

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីកម្មវិធីរាត្រីសមោលសរ សប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរ ដែលត្រូវការជួយសង្រ្គោះ និងបង្កាត់ពូជដំរីនៅខេត្តរតនគិរី។

រាត្រីសមោលសរនេះធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ រៀបចំដោយសមាគមអភិរក្សដំរីអៃរាវត្តា ដោយមានការអញ្ជើញជាអធិបតី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា និងសប្បុរសជនចូលរួមប្រមាណ ៤០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ សត្វដំរីព្រៃនៅកម្ពុជាមានប្រមាណ ៤០០ ទៅ ៦០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ,ចំពោះសត្វដំរីស្រុកមានតែប្រមាណ ៧០ក្បាលតែប៉ុណ្ណោះនៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តរួមគ្នាថែរក្សា និងអភិរក្សសត្វដំរីអោយបានគង់វង្ស ហើយក្នុងនាមក្រសួងព័ត៌មាន បន្តផ្តល់ការគាំទ្រព្រមទាំងជួយផ្សព្វផ្សាយពីសកម្មភាពការងាររបស់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមបណ្តុះស្មារតីស្រឡាញ់និងអភិរក្សសត្វដំរីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។

លោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) បានជម្រាបជូនថា ការរៀបចំកម្មវិធីរាត្រីសមោសរប្រមូលមូលនិធិ ដើម្បីជួយទ្រទ្រង់ និងការពារសត្វដំរីនេះឡើង គឺដើម្បីផ្សព្វផ្សាយសកម្មភាពការងាររបស់សមាគម ក្នុងគោលបំណងជូនជ្រាបជាព័ត៌មាន ដល់សាធារណជន និងគៀរគរសប្បុរសជន ចូលរួមគាំទ្រក្នុងកិច្ចការអភិរក្សដំរីស្រុក ក្នុងប្រទេសកម្ពុជា ជាពិសេសសត្វដំរី ក្នុងខេត្ត រតនគិរី ដែលកំពុងតែប្រឈមនឹងការផុតពូជ។

គួររំលឹកដែរថា មូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា បានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្នុងគោលបំណងចូលរួមអភិរក្សប្រពៃណីវប្បធម៌ខ្មែរ ដែលក្នុងនោះដំរីមានទំនាក់ទំនងជាមួយនឹងជាតិ សាសន៍កម្ពុជាតាំងពីបុរាណកាលមកម៉្លេះ ក៏ដូចជាការចូលរួមក្នុងកិច្ចការងារអភិរក្សជីវៈចម្រុះ ជាពិសេសចូលរួមទប់ ស្កាត់កុំឱ្យដំរីស្រុកដែលនៅសេសសល់ចំនួនតិច ប្រឈមមុខនឹងការដាច់ពូជនៅកម្ពុជា និងចូលរួមលើកស្ទួយវិស័យ ទេសចរណ៍៕