ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឯកឧត្តម នេត មុន្នី ប្រតិរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីក្នុងកម្មវិធីបើក វគ្គបណ្ដុះបណ្ដាល ស្ដីពី លក្ខន្ដិកៈនៃសហគ្រាសសាធារណៈ និងការគ្រប់គ្រងអាជីវកម្មទឹកស្អាត។
វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ និងមានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យ និងនវានុវត្ត៍ ព្រមទាំងរដ្ឋាករទឹកទាំង ១១ ដែលរួមមាន លោក លោកស្រី ជាអគ្គនាយក អគ្គនាយករង នៃរដ្ឋាករទឹកទាំង ១១, សមាជិកក្រុមប្រឹក្សាភិបាល ដែលជាតំណាងម្ចាស់ភាគហ៊ុន តំណាងរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីត្រួតពិនិត្យរដ្ឋអមរដ្ឋាករទឹកទាំង ១១។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងចម្បងចំនួន ៣ រួមមាន៖
ទី១៖ បញ្ជ្រាបការយល់ដឹងបន្ថែម អំពីសញ្ញាណទូទៅនៃសហគ្រាសសាធារណៈជូនរដ្ឋាករទឹក ដែលទើបបានក្លាយជាសហគ្រាសសាធារណៈ
ទី២៖ បង្កើនចំណេះដឹងផ្នែកគណនេយ្យ, ការរៀបចំផែនការអាជីវកម្ម, ការរៀបចំថវិកា និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសហគ្រាស។
ទី៣៖ ពិភាក្សាអំពីការកំណត់ដើមទុនដំបូងរបស់រដ្ឋាករទឹកបង្កើតថ្មី, បញ្ហាប្រឈមនានា និងសំណូមពរ ដើម្បីជាមូលដ្ឋានក្នុងការផ្ដល់ការគាំទ្រនាពេលអនាគត។
សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលទើបបង្កើតរដ្ឋាករទឹកចំនួន ៩ជាសហគ្រាសសាធារណៈ ដែលរួមមាន រដ្ឋាករទឹកស្ទឹងត្រែង, រដ្ឋាករទឹកបាត់ដំបង, រដ្ឋាករទឹកកំពង់ចាម, រដ្ឋាករទឹកពោធិ៍សាត់, រដ្ឋាករទឹកកំពត, រដ្ឋាករទឹកស្វាយរៀង, រដ្ឋាករទឹកមណ្ឌលគិរី, រដ្ឋាករទឹកស្ទឹងសែន, និងរដ្ឋាករទឹកស្ទោង-តាំងក្រសាំងនៃខេត្តកំពង់ធំ។
ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរៀបចំយុទ្ធសាស្ត្រ ស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ ដែលនឹងក្លាយជាឯកសារចង្អុល បង្ហាញការកែទម្រង់ជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងអភិបាលកិច្ចសាជីវកម្ម គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការប្រកបអាជីវកម្ម របស់សហគ្រាសសាធារណៈ ស្របតាមការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងឧត្ដមានុវត្តន៍ជាអន្តរជាតិ៕