ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យតាមដានការងារដឹកនាំ និងវាយតម្លៃការរៀបចំសោភ័ណ្ឌភាពបរិស្ថានសិក្សា នៅវិទ្យាល័យ ហ៊ុនសែន ក្រគរ, វិទ្យាល័យ ហ៊ុនសែន ១០មករា និងវិទ្យាល័យពោធិ៍សាត់ ដើម្បីរៀបចំសូចនាករ នៃការប្រឡងប្រណាំងការផ្តល់សេវាល្អក្នុងវិស័យអប់រំ សម្រាប់ឆ្នាំ២០២៤ នៅខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសចុះទីតាំងនីមួយៗ ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបាន របស់ប្រទេសជាតិ។ ពិតណាស់ថា លោកគ្រូ អ្នកគ្រូ គឺថ្នាលបណ្ដុះនូវធនធានមនុស្សថ្មី ធ្វើឱ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ មានចំណេះដឹង និងចំណេះធ្វើ មានសីលធម៌ និងសេចក្ដីថ្លៃថ្នូរ សូម្បីតែលោក ដែលកាន់មុខតំណែងបច្ចុប្បន្ន ក៏កើតចេញពីការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូផងដែរ។
ឯកឧត្តមសង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងយកចិត្តទុកដាក់បង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង។ ឯកឧត្តមសូមឱ្យគណៈគ្រប់គ្រងសាលានីមួយៗ ត្រូវដឹកនាំសិស្ស និងជួយបំផុសចលនាដាំដើមឈើ នៅតាមខ្នងផ្ទះ ទីសាធារណៈ សាលារៀន និងត្រូវសម្អាតអនាម័យ ដើម្បីសុខភាព និងបរិស្ថានសិក្សាល្អ។
ចំពោះកូនក្មួយសិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ខាងមុខត្រូវតែខិតខំប្រឹងប្រែង ក្នុងការសិក្សារៀនសូត្រ និងសូមជូនពរឱ្យប្រឡងជាប់ទាំងអស់គ្នា។
ឯកឧត្តម ខូយ រីដា បានលើកឡើងថា កូនក្មួយសិស្សានុសិស្សទាំងអស់ មានឱកាសពេញលេញ ក្នុងការសិក្សារៀនសូត្រ ដែលខុសគ្នាពីយុវជនសម័យមុន ក្នុងសម័យសង្គ្រាម និងសម័យប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រទេសជាតិយើង ធ្លាប់ឆ្លងកាត់ក្នុងស្ថានភាពដ៏លំបាកវេទនាបំផុត។ លោកក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួន និងឱ្យក្លាយទៅជាធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានចុះពិនិត្យការងារជួសជុល អគារសិក្សា១ខ្នង កម្ពស់២ជាន់ និងមាន២៥បន្ទប់ នៃវិទ្យាល័យពោធិ៍សាត់ ដែលមានសភាពចាស់ទ្រុឌទ្រោម «ខូចបង្ហួច និងទ្វារ ពេលរៀនទឹកសាចចូល» ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់ក្មួយៗសិស្សានុសិស្ស ដែលកំពុងខ្វះខាតអគារសិក្សា ខណៈដែលបច្ចុប្បន្នសម្រេចបាន៨០%ហើយ។
សូមបញ្ជាក់ថា អគាសិក្សា១ខ្នង កម្ពស់២ជាន់ និងមាន២៥បន្ទប់ នៃវិទ្យាល័យពោធិ៍សាត់ គឺជាអំណោយរបស់សហរដ្ឋអាមេរិក តាំងពីអំឡុងទស្សវត្សរ៍ឆ្នាំ១៩៦០ ហើយត្រូវបានអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក ឆាល្ស៍ រេយ៍ (Charles Ray) សម្រេចធ្វើការជួសជុល និងសម្ពោធដាក់ឱ្យប្រាស់ឡើងវិញ កាលពីឆ្នាំ២០០៩ ក្រោមអធិបតីភាព លោកស្រី ខារ៉ល រ៉ដលី (Carol Rodley) អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា៕