ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៤ និងអាណត្តិទី៤ ដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន


ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ និងអាណត្តិទី៤ ដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួនចំនួន៧។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម សុខ ថុល អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រី ជាថ្នាក់ដឹកនាំសាលាខេត្ត និងមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនចូលរួមផង​ដែរ។

ក្នុងឱកាសនោះ ឯកឧត្តម លី សំរិទ្ធ បានលើកយករបៀបវារៈទាំង៧ ដែលអង្គប្រជុំត្រូវធ្វើការពិនិត្យ ពិភាក្សា និងអនុម័តនាពេលនេះ រួមមាន៖
១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។
៣- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែក តួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត។
៤- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការទទួលស្គាល់ សមាសភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តសៀមរាប។
៥- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ការកសាងផែនការ អភិវឌ្ឍន៍៥ឆ្នាំ ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៩។
៦- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត។
៧- ពិនិត្យ ពិភាក្សា និងអនុម័តបញ្ជូនសមាសភាពក្រុមប្រឹក្សាខេត្តចូលរួមមហាសន្និបាត សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិរបស់សមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៣។

ឯកឧត្តម សុខ ថុល បានវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាព ជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ផង​ដែរ។

ឯកឧត្តមបានបន្តថា គ្រប់កាលៈទេសៈ ដែលប្រជាពលរដ្ឋជួបការលំបាក មន្ទីរ អង្គភាពជុំវិញខេត្ត រួមគិត រួមធ្វើ និងរកដំណោះស្រាយបញ្ហា ដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋ ដែលតែងតែលើកឡើង និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព៕