ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ អង្គការសង្គមស៊ីវិលពេញចិត្តនឹងសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តសកម្មភាពរបស់ខ្លួនក្នុងទឹកដីខេត្តកំពង់ធំ


នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសម្របសម្រួលរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំក្រោមប្រធានបទ «ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១» ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។ ថ្លែងនៅក្នុងវេទិកាសន្ទនានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវាងវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់ និងចាត់ទុកអង្គការសង្គម ស៊ីវិលជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបានដាក់បញ្ចូលវិស័យសង្គមស៊ីវិលនៅក្នុងកម្មវិធីនយោបាយនានា ជាពិសេសនៅក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានស្វាគមន៍ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលដែលមានមូលដ្ឋាននៅខេត្តកំពង់ធំ បន្តចូលរួមសហការជាមួយរដ្ឋបាលខេត្ត ស្រុក និងឃុំ ដើម្បី អនុវត្តការងាររបស់ខ្លួនដោយរលូន និងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះវ.ស.ស.ដែលបានរៀបចំវេទិកាពិភាក្សានេះជាមួយអង្គការសង្គមស៊ីវិលនៅខេត្តកំពង់ធំ ដោយអនុញ្ញាតឱ្យពួកគាត់បានលើកឡើងពីបញ្ហាប្រឈម និងទុក្ខកង្វល់នានា ដែលបានជួបប្រទះក្នុងកំឡុងពេលអនុវត្តសកម្មភាព ឬគម្រោងក្នុងតំបន់គោលដៅរបស់ខ្លួន។

ដោយឡែក អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំបានចូលរួមពិភាក្សាយ៉ាងសកម្ម និងផុសផុលនៅក្នុងអង្គវេទិកាសន្ទនានេះដោយពួកគាត់បង្ហាញពីការពេញចិត្តចំពោះការទទួលបាននូវបទពិសោធន៍ ពុទ្ធិថ្មីៗ និងការផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈម និងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត។ បណ្ដាអង្គការសង្គមស៊ីវិលក៏បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចសហការល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិយាយជារួម ជាពិសេសរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់និយាយដោយឡែក ដោយបង្កលក្ខណៈងាយស្រួល និងលំហសេរីភាពដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរបស់ខ្លួន។ អាស្រ័យហេតុនេះ អង្គការសង្គមស៊ីវិលបានប្តេជ្ញាចិត្តថា នឹងបន្តរួមសុខរួមទុក្ខជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែសកម្មបន្ថែមទៀត។ អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ ដែលអាចទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលមុនៗ មកដល់អាណត្តិទី៧នៃរដ្ឋសភាអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយបានកំណត់អាទិភាពចម្បងក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលវ.ស.ស. បានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ដោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននានា និងលក្ខន្តិកៈរបស់ខ្លួន ព្រមទាំងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏ល្អរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០៕