ឯកឧត្តម ឃួង ស្រេង៖ ការខិតខំប្រឹងប្រែងបោះបង្គោលព្រំដែន របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសមានប្លង់រឹង គឺមិនអាចរំលោភបានឡើយ


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤ និងតំបន់ផ្សេងទៀត នឹងទទួលបាននូវការអភិវឌ្ឍរីកចម្រើនដូចគ្នា។

ការលើកឡើងបែបនេះ របស់លោកអភិបាលរាជធានីភ្នំពេញបានធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ខណៈឯកឧត្តមនិងលោកជំទាវ ដឹកនាំមន្ត្រីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើទស្សនកិច្ចនៅបង្គោលដែនលេខ៦៥ ឡាប៉ាខេ (កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ពោលគឺក្រោយលោក និងលោកស្រី បានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូច អន្តរាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២២ ខែកញ្ញា។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា កាលដែលលោកដឹកនាំមន្ត្រីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចុះមកទស្សនកិច្ចបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេនេះ គឺក្នុងគោលបំណង ដើម្បីឲ្យមន្ត្រីទាំងអស់ បានឃើញពីស្ថានភាពព្រំដែនពិតប្រាកដ គឺមិនមានការរំកិល ឬរំលោភយកដី ដូចការញ៉ុះញ៉ុងពីក្រុមជ្រុលនិយមឡើយ។

ក្រោយពីបានឃើញពីស្ថានភាពពិតជាក់ស្តែងហើយ សូមឲ្យមន្ដ្រីទាំងអស់យកទៅផ្សព្វផ្សាយតគ្នា ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ថាព្រំដែនកម្ពុជា ត្រូវបានថែទាំយ៉ាងគត់មត់ បូរណៈភាពទឹកដី ត្រូវបានរក្សាបានយ៉ាងល្អប្រសើរ ក្នុងការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី។ នេះជាសារមួយ សូមផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ និយាយដោយឡែក ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ តែបើនិយាយជារួម សូមអោយប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី។

ឯកឧត្តមបន្ដថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី គឺសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជានីតិការទី៧ នៃរដ្ឋសភា ដែលបន្តដឹកនាំដោយសម្ដេចធិបតី បានថែទាំយ៉ាងគត់មត់ នៅទឹកដី និងបូរណាភាពទឹកដី ដោយចាប់ពីថ្ងៃរំដោះ ៧មករា រហូតដល់បច្ចុប្បន្ននេះ ទឹកដីកម្ពុជា មិនទាន់បាត់មួយមីលីម៉ែត្រណាឡើយ។

បើតាមឯកឧត្តម ឃួង ស្រេង, សម្តេចទាំងទ្វេ បានដកអាវុធចេញពីសត្រូវ ធ្វើកិច្ចការងារដោយជំហ៊ានបោះទៅមុខ ក្នុងការអភិវឌ្ឍជូនជាតិមាតុភូមិ មិនទុកឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ណាមួយ ដាច់ឯកកោ ដោយមិនមានការអភិវឌ្ឍនោះទេ សុំមានការជឿជាក់ និងខិតខំប្រឹងប្រែងទាំងអស់គ្នា។ អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋយើងទាំងអស់គ្នា រួមចិត្តតែមួយ ឯកភាព ជាឯកច្ឆ័នការពារឲ្យខានតែបាន នូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ សន្តិភាពជាតម្លៃសារវ័ន្ត ដែលមិនអាចបាត់បង់បានទេ ចង់បានការអភិវឌ្ឍន៍ ត្រូវថែទាំសន្តិភាពនេះឲ្យបានរឹងមាំ ស្ថិតស្ថេរ ទៅថ្ងៃអនាគត ដើម្បីយុវជនរបស់យើង ស្គាល់នូវភាពសុខសាន្ត និងការរីកចម្រើន។

ឯកឧត្តមបន្ថែមថា ការខិតខំប្រឹងប្រែងបោះបង្គោលព្រំដែន សម្តេចយល់ច្បាស់ណាស់ថា បោះបង្គោលព្រំដែន ដើម្បីធ្វើឱ្យកន្លែងព្រំដែននេះ ជាតំបន់អភិវឌ្ឍន៍។ ប្រទេសមានប្លង់រឹង កាលណាបោះបង្គោលព្រំដែនហើយ បានន័យថា ប្រទេសមានប្លង់រឹង ដូចផ្ទះយើង ដីយើង មានប្លង់រឹង អញ្ចឹងមិនអាចរំលោភបានទៀតទេ នៅពេលយើងមានបង្គោលព្រំដែនពិតប្រាកដ ។ នេះជាមោទនៈភាពរបស់ជាតិខ្មែរ ដែលបានបាត់បង់សន្តិភាពជាង៥០០ឆ្នាំកន្លងមក។

ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ រក្សាសន្តិភាពឲ្យបានគង់វង់ ដើម្បីឲ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕