ប្រជាពលរដ្ឋចំនួន២៤ភូមិ នៃសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ បានទទួលបណ្ណកម្មសិទ្ធអចលនវត្ថុ ដែលប្រគល់ជូនដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់។
ពិធីខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ដោយមានការចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រសួង ក្រុមការងាររាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត ព្រមទំងប្រជាពលរដ្ឋសរុបប្រមាណ១២០០នាក់។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ដែលបានផ្តល់កិត្តិយសដល់អ្នកខេត្តកំពង់ស្ពឺ ក្នុងការចែកបណ្ណកម្មសិទ្ធអចលនវត្ថុជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នាឱកាសនេះ។
ដោយឡែក មានមតិសំណេះសំណាលជាមួយលោកតាលោកយាយ អ៊ុំពូមីងបងប្អូនដែលអញ្ជើញមកផ្ទាល់ក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវក្តីសោមនស្សរីករាយជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ។ ឯកឧត្តមបានបន្តថា ការចេញបណ្ណកម្មសិទ្ធដល់បងប្អូនប្រជាពលរដ្ឋ គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ហ៊ុន ម៉ានី ជំនួសមុខឲ្យប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺធ្វើការថ្លែងអំណរគុណក្រុមការងារក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ខេត្ត ដែលបានខិតខំវាស់វែងដីធ្លី និងបំពេញបែបបទសម្រាប់រៀបចំបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដោយមិនគិតពីពេលយប់ និងថ្ងៃចុងសប្តាហ៍ឡើយ សំដៅធ្វើយ៉ាងណាបង្ករលក្ខណៈងាយស្រួលដល់បងប្អូនដែលមានការមមាញឹកក្នុងការងារប្រចាំថ្ងៃ។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងចលនាជាតិដ៏ធំ តបតាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន ដែលសបញ្ជាក់នូវការគាំទ្រ និងជំនឿទុកចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។ ឯកឧត្តមបានរំលេចថា បើទោះបីជាការចូលរួមជាទំហំតិចក្តី ច្រើនក្តី តែវាបានបង្ហាញនូវទឹកចិត្តដ៏ធំធេងរបស់បងប្អូនដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី។
នៅចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីបានអញ្ជើញចែកបណ្ណកម្មសិទ្ធជានិមិត្តរូបជូនដល់ប្រជាពលរដ្ឋ ដែលមកទទួលបណ្ណ ប្រកបដោយទឹកមុខសប្បាយរីករាយ ស្ថិតក្នុងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត ក្រោមផ្ទៃមេឃរលឹមស្រិចៗ ប្រៀបបានការប្រោះព្រុំពរជ័យពីព្រះភិរុណ៕