ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចូលរួមកាន់បិណ្ឌវេនទី៥ និងនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៣ ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល


ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ និងសហការី នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៥ និងនាំយកនូវទេយ្យទាន ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃវត្តឱង្ការ វត្តទាន់អរ និងវត្តឈូកក្រពុំ ស្ថិតក្នុងវត្តឱង្ការ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បាននាំយកនូវទេយ្យទានជាគ្រឿងឧបភោគ បរិភោគ វេរប្រគេនដល់ព្រះសង្ឃ និងអញ្ជើញរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋានរំលាយខ័ន្ធទៅកាន់លោកខាងមុខ។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ នៅជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុក ម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា៕