ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ សម្តែងការគាំទ្រចំពោះការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដកកម្ពុជាចេញតំបន់ត្រីកោណអភិវឌ្ឍន៍ ដើម្បីកាត់ផ្តាច់អាវុធនយោបាយដ៏ពិសពុលពីសំណាក់ក្រុមប្រឆាំង


ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់​​ ខេត្តតាកែវ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដើម្បីកាត់ផ្តាច់ និងបិទបញ្ចប់អាវុធនយោបាយដ៏ពិសពុល ដែលត្រូវបានប្រើប្រាស់ដើម្បីមួលបង្កាច់ និងវាយប្រហាររាជរដ្ឋាភិបាល និងធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង៤ នៃភាគឦសាន ឱ្យទៅបរទេស ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជនឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។

ការសម្តែងសារគាំទ្រយ៉ាងពេញទំហឹងនេះ បានថ្លែងឡើងក្នុងពិធីប្រកាសកែសម្រួលសមាសភាព និងចាត់តាំងបំពេញបន្ថែមក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះបាទជាន់ជុំ គោកព្រេច និងភ្នំដិន ស្រុកគិរីវង់ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅការិយាល័យគណបក្សស្រុក ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ សូកាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ។ ពិធីនេះក៏មានការចូលរួមពីលោក លោកស្រីជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តាឃុំទាំង១២ ស្រុកគិរីវង់, លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានតាមបណ្តាឃុំ ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សស្រុក និងឃុំ ព្រមទាំងសមាជិក សមាជិកាគណបក្សសរុបប្រមាណ ១៨០នាក់។

ឯកឧត្តម សុខ សុកាន បានគូសបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃការបោះឆ្នោត ឆ្នាំ២០២៣ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ បានទទួលរហូត ៩០,២៧% នៃសន្លឹកឆ្នោតបានការ ដែលតួលេខនេះ ធ្វើឱ្យសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ទទួលបានស្ថិតនៅលំដាប់ទី១ ក្នុងចំណោមក្រុង ស្រុកទាំង១០ នៃខេត្តតាកែវ។ លទ្ធផលនេះបានបង្ហាញអំពីជំនឿទុកចិត្តរបស់ប្រជាជនស្រុកគិរីវង់មកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបង្ហាញជំហរដ៏រឹងមាំគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧។

ឯកឧត្តម សុខ សូកាន ក៏បានគូសរំលេចថា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់ឧត្ដមប្រយោជន៍ដ៏មហាសាលដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនស្រុកគិរីវង់ តាមរយៈការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ និងទេសចរណ៍។

ឯកឧត្តម សុខ សូកាន ក៏បានលើកឡើងបន្ថែមនូវស្ថានភាពនយោបាយ និងការវិវត្តថ្មីៗផងដែរ ដើម្បីផ្តល់ជាធាតុចូលសម្រាប់មន្ត្រីគណបក្សនៅមូលដ្ឋាន ដោយគូសបញ្ជាក់អំពីព្រឹត្តិការណ៍១៨ សីហាថា មិនមែនជាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ឬសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធីនោះទេ តែជាការញុះញង់ អុចអាលឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ជាឧបាយកលប្រើប្រាស់កង្វល់ដ៏សុចរិតរបស់ប្រជាពលរដ្ឋចំពោះជោគវាសនាប្រទេសជាតិ បំផុសឱ្យមានបាតុកម្មហិង្សា ក្នុងគោលបំណងធ្វើការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាដាច់ខាត រាជរដ្ឋាភិបាលត្រូវអនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីរារាំង ទប់ស្កាត់ បង្ក្រាប និងផ្តន្ទាទោសចំពោះជនណាប្រព្រឹត្តបទល្មើសក្នុងគោលបំណងថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ដូចបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀត។

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ក៏បានម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ និង បិទបញ្ចប់អាវុធនយោបាយដ៏ពិសពុល ដែលត្រូវបានប្រើប្រាស់ដើម្បីមូលបង្គាច់ និងវាយប្រហាររាជរដ្ឋាភិបាល។

ជាចុងក្រោយ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្ស ឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។ ជាពិសេសបានណែនាំដល់ក្រុមការងារ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕