(ស្វាយរៀង)៖ ឯកឧត្តមបណ្ឌិត សម តារា តំណាងរាស្ដ្រមណ្ឌលស្វាយរៀង បានថ្លែងថា គុណតម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្មសាសនា និងការអភិវឌ្ឍរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ការថ្លែងលើកឡើងបែបនេះរបស់ឯកឧត្តមបណ្ឌិត សម តារា ធ្វើឡើងក្នុងឱកាសអញ្ជើញនាំទេយ្យទាន និងបច្ច័យកាន់បិណ្ឌទី៨ នៅវត្តអង្គរំដួល ហៅវត្តព្រៃចំណារ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីកាន់បិណ្ឌទី៨នេះ ក៏មានការចូលរួមពីឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងក្រុមការងារជាច្រើននាក់ទៀតផងដែរ។
ឱកាសនោះ ឯកឧត្តមបណ្ឌិត សម តារា បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ដែលជានិច្ចកាលសម្ដេចទាំងបី តែងតែនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចទាំងបីតែងតែផ្ដាំផ្ញើឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ចូលរួមកាន់បិណ្ឌតាមវត្តអារាមនានា ដើម្បីនាំទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃផងដែរ។
ឯកឧត្តមបណ្ឌិត បានបន្តថា បច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ផ្ដោតសំខាន់ទៅលើវិស័យ៥ ជាអាទិភាព រួមមាន ទឹក ភ្លើង ផ្លូវ មនុស្ស និងបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះ តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ លើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យពួកគាត់មានសេចក្តី សុខសុភមង្គល រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យបានប្រសើរឡើង។
ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាល ដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរដំណែលវប្បធម៌របស់ដូនតាខ្មែរ ឲ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឲ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សម តារា និងក្រុមការងារបានប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ព្រមទាំងជូនបច្ច័យដល់យាយជី តាជី ប្រជាពុទ្ធបរិស័ទ ចំណាយសរុបថវិកា៣,៩០០,០០០រៀលផងដែរ៕