នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហឹង្សាទាក់ទង នឹងយេនឌ័រថ្នាក់ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហឹង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ដើម្បីជំរុញភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់អំពើហិង្សាលើស្ត្រី ក្មេងស្រី គ្រប់ទម្រង់ នៅសាលប្រជុំ(ខ) សាលាខេត្តត្បូងឃ្មុំ ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារGBVថ្នាក់ខេត្ត បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សា ដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ដូចជា ៖ អំពើហិង្សាក្នុងគ្រួសារ, ការរំលោភផ្លូវភេទ ការជួញដូរស្រ្តី និងកុមារជាដើមជាពិសេសនៅតាមបណ្តាក្រុង/ស្រុកទាំង៧ទូទាំងខេត្ត ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារទប់ស្កាត់អោយទាន់ពេលវេលា។
លោកជំទាវ បន្តថា កិច្ចប្រជុំនេះដែរ ផ្តោតសំខាន់ទៅលើការលើកកម្ពស់ និងពង្រឹងការផ្តល់សេវាជាពហុវិស័យឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធដែលជាអ្នកផ្តល់សេវាការពារជូនជនរងគ្រោះ ដើម្បីឆ្លើយតបឱ្យសមស្របជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ក្នុងនោះ កិច្ចប្រជុំក៏បានពិនិត្យទៅលើរបាយការណ៍លទ្ធផលសកម្មភាពការងារ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ (GBV) ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ដោយមានកិច្ចសហការល្អជាមួយស្ថាប័ន អង្កភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ក្នុងការសម្របសម្រួលផ្តល់សេវាឆ្លើយតបដល់ជនរងគ្រោះបានទាន់ពេលវេលា។
លោកជំទាវ បានធ្វើការណែនាំ និងជំរុញដល់ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឱ្យបន្តរៀបចំផែនការសកម្មភាពដាក់បញ្ចូលទៅក្នុងផែនការខេត្ត ក្រុង ស្រុក និងលើកគម្រោងផែនការ ដើម្បីស្នើសុំកញ្ចប់ថវិកា សម្រាប់អនុវត្តផែនការនោះឱ្យមានប្រសិទ្ធភាព និងបន្តស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធនិងអង្គការដៃគូ ដើម្បីពង្រឹងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល ពីកញ្ចប់សេវានានា និងបន្តពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
លោកជំទាវ បានបន្តថា ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ថ្នាក់ខេត្ត (GBV) មានកិច្ចសហការល្អជាមួយស្ថាប័ន មន្ទីរវិស័យ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក្រុមការងារ(GBV) ថ្នាក់ ក្រុង/ស្រុកទាំង៧ និងអង្គការដៃគូពាក់ព័ន្ធ ក្នុងការសម្របសម្របួលផ្តល់សេវាឆ្លើយតបដល់ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័របានទាន់ពេលវេលា។
យោងតាមរបាយការណ៍ជាលទ្ធផលក្នុងឆមាសទី៣ ឆ្នាំ២០២៤ ក្រុម ការងារ (GBV) ថ្នាក់ខេត្ត បានជួយអន្តរាគមន៍ដល់ស្ត្រី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ សរុប២១ករណី ក្នុងនោះដែរ ប្រើហិង្សាក្នុងគ្រួសារ ៧ករណី រំលោភសេពសន្ថវះលើ អនីតិជនអាយុក្រោម១៥ឆ្នាំ ចំនួន០៨ករណី និងរួមភេទជាមួយអនីតិជនអាយុ
ក្រោម១៥ឆ្នាំ ០២ករណី, ប្រទូស្តកេរខ្មាស ០១ករណី ,សញ្ចាកម្មទាក់ទងនឹងពេស្យាចារកុមារ០១ ករណី, នាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន១ករណី .និងប៉ុនប៉ងរំលោភសេពសន្ថវៈ ១ករណីផងដែរ៕



