ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៥ ខែកញ្ញានេះ បានជួបពិភាក្សាការងារជាមួយលោកជំទាវ ជូលី ប៊ីសប ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការតែងតាំងលោកជំទាវ ជូលី ប៊ីសប ជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីអំពីបទពិសោធន៍របស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាមនិងស្វែងរកការផ្សះផ្សារជាតិ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជំហររបស់កម្ពុជាក្នុងការបន្តកិច្ចពិភាក្សាជាមួយមីយ៉ាន់ម៉ា និងយន្តការអាស៊ានរួមមានប្រេសិតពិសេសអាស៊ាន, ត្រយកា (Troika), និង ត្រយកាពង្រីក (expanded Troika)។
លោកជំទាវប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចែករំលែកបទពិសោធន៍ និងជំហររបស់កម្ពុជា ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅមីយ៉ាន់ម៉ា៕